(កំពង់ចាម)៖ ពិតជាគួរឲ្យអាណោចអធ័មខ្លាំងណាស់ ដែលកូនប្រុសអប្រិយម្នាក់ ដាច់ចិត្តលើកដៃទាញជ្រុញទៅវាយក្បាលម្ដាយបង្កើតរបស់ខ្លួនរហូតដល់ស្លាប់ ព្រោះតែខឹងសុំលុយម្ដាយបន្ដិចបន្តួចមិនបាន។
ស្នងការរងខេត្តកំពង់ចាម ទទួលការងារព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី បានប្រាប់ឲ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិសូរគេន ឃុំសូរគង ស្រុកកងមាស។
បើតាមលោកស្នងការរងរូបនេះ ស្ដ្រីជាម្ដាយដែលរងគ្រោះរហូតដល់ស្លាប់ឈ្មោះ គាត ធីម អាយុ៦៤ឆ្នាំ ដោយឡែកជនបង្កជាកូនប្រុសបង្កើត ឈ្មោះ សុយ ណារ៉ា (ហៅ ពៅ) អាយុ៣៣ឆ្នាំ បានយកជ្រុញវាយទៅលើម្តាយបង្កើត ត្រូវចំក្បាលបណ្តាលឲ្យរងរបួសជាទម្ងន់បណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅមន្ទីពេទ្យ។
ក្រោយហេតុជនសង្ស័យត្រូវបានកម្លាំងនគរបាល ចាប់ខ្លួនបានភ្លាមៗផងដែរ។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីផ្ដន្ទាទោសតាមច្បាប់៕