(ភ្នំពេញ)៖ សិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ជា ស៊ីម សាមគ្គីម្នាក់ និងបក្ខពួកម្នាក់ទៀត បានទៅប្រព្រឹត្តសកម្មភាពឆក់ទូរស័ព្ទដៃ ពីប្រជាពលរដ្ឋនៅតាមដងផ្លូវ ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញ​​ ដេញតាមបង្ក្រាបបាន។

អធិការនគរបាលខណ្ឌដូនពេញ លោក ហួត ចាន់យ៉ារ៉ាន់ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា នៅយប់ថ្ងៃទី២៣ ខែកុម្ភៈ ប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ នៃ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់រួមមាន៖

ទី១៖ ឈ្មោះ នៅ ច័ន្ទតុលា អាយុ១៩ឆ្នាំ មុខរបរ សិស្សថ្នាក់ទី12D នៃវិទ្យាល័យជាស៊ីមសាមគ្គី ស្នាក់នៅផ្ទះជួលសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ
ទី២៖ ឈ្មោះ វ៉ាន់ សុខធឿន អាយុ១៨ឆ្នាំ មុខរបរអ្នករត់តុ ស្នាក់នៅផ្ទះលេខ692 ផ្លូវលេខ271 សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ពីបទ «លួចមានស្ថានទម្ងន់ទោសប្រើអំពើហិង្សា» ជិះម៉ូតូឆក់ទូរស័ព្ទដៃ នៅចំណុចខាងលិចសួនឌ្រីមលែន ផ្លូវព្រះស៊ីសុវត្ថិ ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមលោកអធិការខណ្ឌដូនពេញ វត្ថុតាងចាប់យករួមមាន៖ ម៉ូតូ១គ្រឿង ម៉ាកសង់C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1GJ-3535 (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព)។

ជនរងគ្រោះឈ្មោះ CONNOR LEAPHILLIPS MY CROFF ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិកាណាដា កាន់លិខិតឆ្លងដែនលេខ HK609362មុខរបរ ទេសចរណ៍ ស្នាក់នៅសណ្ឋាគារ SLA BOUTIQUE HOSTEL ទីតាំងផ្ទះលេខ15 ផ្លូវលេខ174 ភូមិ5 សង្កាត់ផ្សារថ្មីទី3 ខណ្ឌដូនពេ។ ចំពោះទូរស័ព្ទដៃម៉ាកXIOLOMIMI MIXZ ពណ៌ខ្មៅ ត្រូវបានជនរងគ្រោះដណ្តើមយកវិញបាន។

សម្រាប់ជនសង្ស័យទាំងពីរនាក់ ធ្លាប់ប្រើប្រាស់គ្រឿងញៀនផងដែរ នៅពេលនេះ កំពុងសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំនុំរឿងចាត់ការតាមនិតិវិធីនៃច្បាប់។

ជាមួយគ្នានេះ នៅយប់រំលងអាធ្រាត្រចូលថ្ងៃទី២៤​ ខែកុម្ភៈ ឆ្នាំ២០១៨នេះ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍ នៃអធិការដ្ធាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួនម្នាក់ ពីបទ រក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចផ្លូវរថR៦ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្សយ័ត្រូវឃាត់ខ្លួនមានឈ្មោះ ជួន ឃឿន អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ។ កម្លាំងនគរបាលបានដកហូតថ្នាំក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន០១កញ្ចប់ធំ និងសម្ភារមួយចំនួនទៀត៕