(ព្រះសីហនុ)៖​​ ចោរឆក់មួយក្រុម ត្រូវ​កម្លាំងនគរបាលខេត្តព្រះសីហនុ ចាប់បានជាបន្ដបន្ទាប់សរុប៦នាក់ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពឆកទូរស័ព្ទ ពីជនជាតិចិនម្នាក់ ដែលកំពុងធ្វើដំណើរតាមដងផ្លូវ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨​ នៅតាមដងផ្លូវលេខ៥០២ ក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង​ព្រះសីហនុ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា ដំបូងឡើយ​មានជនសង្ស័យ​០២នាក់ ​ជិះម៉ូតូ០១គ្រឿង មិនស្គាល់ម៉ាក បានធ្វើសកម្មភាព​ឆក់​ទូរស័ព្ទដៃ​ម៉ាក​Iphone X ខណៈជនរងគ្រោះកំពុងដើរ និងនិយាយទូរស័ព្ទ​ហើយគេចខ្លួនបាត់​។ ភ្លាមៗនោះ កម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើការដេញពីក្រោយ​ស្ទាក់ពីមុខ ជនសង្ស័យភ័យបានទុកម៉ូតូចោលរត់ចូលព្រៃ​។

ខណៈនោះមានជនសង្ស័យ​២នាក់ បានជិះម៉ូតូ​១គ្រឿង ម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០១៣ មកបម្រុងរំដោះបក្ខពួក តែ​សមត្ថកិច្ចជំនាញ​ក៏ធ្វើការស្ទាក់ចាប់ពួកគេទាំង​២នាក់នោះ តែជនសង្ស័យបានជិះម៉ូតូរត់ និងបានដកកាំភ្លើងខ្លីពីចង្កេះ ភ្ជង់មកលើកម្លាំងសមត្ថកិច្ច​គំរាមកុំឲ្យតាមចាប់​ តែ​កម្លាំងសមត្ថកិច្ច​នៅតែតាម ជនសង្ស័យក៏បោះកាំភ្លើងខ្លីនោះចោលនៅតាមដងផ្លូវ សមត្ថកិច្ច​បានដេញរហូតដល់មុខផ្សារលើ ទើបអាចស្ទាក់ចាប់ពួកគេទាំង ២នាក់នេះបាន បន្ទាប់មក​បានចាប់ឃាត់ខ្លួនជនសង្ស័យទាំង​២នាក់ ដែលរត់ចូលព្រៃ និងឃាត់ខ្លួនបក្ខពួក​២នាក់​ទៀត ដែលជាអ្នកសមគំនិតបិទគូថ សរុបចំនួន​៦នាក់ ។

​ចំណែកជនរងគ្រោះត្រូវបានលោកឧត្តមសេនីយ៍ស្នងការ ឲ្យដឹងថា ឈ្មោះ​ GUO PING ភេទស្រី អាយុ​៣០ឆ្នាំ មុខរបរទេសចរណ៍ លិខិតឆ្លងដែនលេខ​E២១១០៨៦២៩​។ សម្ភារៈបាត់បង់ ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក​Iphone X ពណ៌ខ្មៅ​។ ដោយឡែកជនសង្ស័យ ទី១៖ឈ្មោះ កែម ច័ន្ទសង្ហា, ទី២៖ឈ្មោះ ជា ច័ន្ទដេវីត, ទី៣៖ឈ្មោះ ណារិទ្ធ រតនៈ, ទី៤៖ឈ្មោះ សែម ច័ន្ទកក្កដា​, ទី៥៖ឈ្មោះ តេង តូណា និងទី៦៖​ឈ្មោះ សុខ ជីមី។ ក្រោយឃាត់ខ្លួនកម្លាំងជំនាញដកហូតបាន ទូរស័ព្ទដៃអិនចុចពិល​០១គ្រឿង, ម៉ូតូ២គ្រឿង ម៉ាក​ស្កុបពី ពណ៌សលាយផ្កាឈូក ស្លាកលេខភ្នំពេញ​1CE-0624 (​មធ្យោបាយធ្វើសកម្មភាព​) និងម៉ាក ​Honda Dream C125 ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ​ ស្លាកលេខភ្នំពេញ​1BE-1584 (​មធ្យោបាយធ្វើសកម្មភាព​), ប្រអប់អាវុធខ្លី ប្រើហ្គាស​០១, ហ្គាស០១កំប៉ុង, គ្រាប់កាំភ្លើងជ័រមូល​០២​ថង់, គ្រាប់កាំភ្លើងដែកមូល​០២​ប្រអប់​។

ចំពោះអាវុធខ្លីប្រើហ្គាស ដែលជនសង្ស័យបានទម្លាក់ចោលពេលសមត្ថកិច្ចដេញចាប់ មិនទាន់រកឃើញនៅឡើយទេ សមត្ថកិច្ច​កំពុងបន្តស្វែងរក។ ជនសង្ស័យទាំងទាំង៦នាក់ បានសាភាពបន្ថែមថា ពួកវាបានធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស (ឆក់) ចំនួន៧លើក នៅរាជធានីភ្នំពេញ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានឲ្យដឹងពីប្រតិបត្តិការបង្ក្រាបគ្រឿងញៀនផងដែរ នៅវេលាម៉ោង០៨៖៤០នាទីយប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨​ ដោយកម្លាំងជំនាញរបស់ការិយាលយ័ប្រឆាំងគ្រឿងញៀន បានសហការ​ជាមួយកម្លាំងប៉ុស្ដិ៍នគរបាលសង្កាត់លេខ៤ ចុះបង្រ្កាបករណីគ្រឿងញៀន ត្រង់ចំណុចក្រុមទី១៧ ភូមិ៣ សង្កាត់៤ ឃាត់បានជនសង្ស័យម្នាក់ ឈ្មោះ ឈឹម ភារម្យ (ហៅអាក្របី) អាយុ34ឆ្នាំ ដកហូតបាន ម្សៅក្រាមពណ៌សចំនួន១៩កញ្ចប់តូច​ និងសម្ភារៈមួយចំនួន៕