(ភ្នំពេញ)៖ ក្រោយ​បែកធ្លាយវីដេអូ​នារីបម្រើ នៅក្នុងខារ៉ាអូខេ កូឡូសូ «Coloso» រាំស្រាតដ៏ស្រើបស្រាល ព្រះរាជអាជ្ញា និងអាជ្ញាធរខណ្ឌចំការមន នៅយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចុះបិទតាំងខារ៉ាអូខេនោះ​។ នេះបើតាមលោក ព្រុំ សំខាន់ អភិបាលខណ្ឌចំការមន បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។​

លោកអភិបាលខណ្ឌ បានបញ្ជាក់ថា​ ប្រតិបត្តិការនេះ កម្លាំងចម្រុះរដ្ឋបាលខណ្ឌចំការមនដឹងនាំដោយលោកស្រី កែវ សុគន្ធា ព្រះរាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ និងលោកស្រី គឹម វណ្ណា ប្រធានការិយាល័យទេសចរណ៍រាជធានីភ្នំពេញ បានចុះមកពិនិត្យទីតាំងខារ៉ាអូខេ កូឡូសូ ដែលស្ថិតនៅផ្លូវ៣៦០ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ដែលមានការរាំអាស់អាភាស។

បើតាមលោក ព្រុំ សំខាន់ ក្រោយពីបានចុះពិនិត្យសួរនាំ និងធ្វើកំណត់ហេតុចូលរួមជាមួយក្រុមការងារចម្រុះរួចហើយ លោកស្រីព្រះរាជអាជ្ញារង បានសម្រេចបិទបន្ទប់ខារ៉ាអូខេ ចំនួន​៣៤បន្ទប់ ចាប់ពីម៉ោង​២៣​៖០០យប់ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៨ ជាបណ្តោះអាសន្ន​ ហើយក្រុមការងារបានបញ្ចប់ការងារ ដោយបានបិទកំណត់ហេតុនៅនឹងបន្ទប់​ខារ៉ាអូនខេ ចំនួន​៣៤​បន្ទប់នេះ ដោយបញ្ចប់នៅវេលាម៉ោង​០១៖៣០​នាទីយប់ឈានចូលថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៨​។

សូមរំលឹកថា កាលពីថ្ងៃទី២១ ខែកុម្ភៈកន្លងទៅនេះ ​វីដេអូឃ្លឹប​បង្ហាញពីការរាំ​ស្រាត បែប​អាសអាភាស មួយត្រូវបានគេចែកចាយ តាមរយៈបណ្តាញសង្គម ហើយវីដេអូនោះ គេទម្លាយឲ្យដឹងថា នៅក្នុងបន្ទប់ខារ៉ាអូខេ កូឡូសូ «Coloso» ដែលថតដោយភ្ញៀវក្នុងបន្ទប់១ នៃខារ៉ាអូខេ៕