(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យអង្គការសមធម៌កម្ពុជា ដំណើរការការងាររបស់ខ្លួន ឡើងវិញហើយ បន្ទាប់ពីផ្អាសកម្មភាពអង្គការនេះជាបណ្តោះអាសន្នមួយរយៈកន្លងមក។ នេះបើតាមលទ្ធផលនៃជំនួបរវាង សម្តេចក្រឡាហោម និង លោក George Edgar អគ្គរដ្ឋទូតអឺរ៉ុប ប្រចាំនៅកម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
នៅក្នុងជំនួបនោះ លោកអគ្គរដ្ឋទូតអឺរ៉ុប ប្រចាំនៅកម្ពុជា បានជជីកសួរសម្តេចអំពីការសម្រចរបស់ក្រសួងមហាផ្ទៃចំពោះអង្គការសមធម៌កម្ពុជា ដោយសារតែកន្លងមកក្រសួងមហាផ្ទៃ មិនបានជូនដំណឹងថាបិទអង្គការនេះ ឬមិនបិទនោះទេ។ ជាមួយគ្នានេះ លោកបានបង្ហាញអំពីបំណងរបស់លោក ដែលមិនចង់ឱ្យមានការរារាំងដល់សកម្មភាពរបស់អង្គការសមធម៌នោះឡើយ។
ជាការឆ្លើយតបនឹង លោក អគ្គរដ្ឋទូតអឺរ៉ុប សម្តេចក្រឡាហោម បានបញ្ជាក់ថា អង្គការសមធម៌អាចធ្វើសកម្មភាពស្របច្បាប់របស់ខ្លួនបាន ហើយក្រសួងមិនមានការបិទនោះទេ។
មន្រ្តីក្រសួងមហាផ្ទៃ ដែលបានចូលរួមប្រជុំនេះ បានដកស្រង់ប្រសាសន៍សម្តេចក្រឡាហោម បញ្ជាក់យ៉ាងដូច្នេះថា៖ «សម្តេចបានជំរាបជូនទៅឯកឧត្តម George Edgar ដែរថា ការមិនមានជូនដំណឹងនេះមានន័យថា គាត់មិនមានបញ្ហាអ្វីទៀតទេ គាត់អាចធ្វើសកម្មភាពរបស់គាត់ជាប្រក្រតីបាន ប៉ុន្តែបើមានតម្រូវការ ឱ្យចេញលិខិតបញ្ជាក់»។
សម្តេចបានបញ្ជាក់ថា បើសិនជាអង្គការសមធម៌អនុវត្តតាមលក្ខន្តិកៈ និងច្បាប់ស្តីពី អង្គការនិងសមាគមមិនមែនរដ្ឋាភិបាលនៅកម្ពុជានោះ គឺមិនមានបញ្ហាអ្វីនោះទេ។
ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង ក៏បានសម្រេចឱ្យមន្រ្តីជំនាញសម្របសម្រួលជាមួយអង្គការនេះ ដើម្បីជូនដំណឹងអំពីការអនុញ្ញាត ឱ្យអង្គការសមធម៌កម្ពុជា ធ្វើសកម្មភាពនៅកម្ពុជាផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ បានចេញលិខិតផ្អាកសកម្មភាពរបស់អង្គការ «សមធម៌កម្ពុជា» ជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញថា អង្គការមួយនេះ បានធ្វើសកម្មភាពមិនប្រក្រតី ផ្ទុយនឹងបទប្បញ្ញត្តិ នៃមាត្រា១០ និងមាត្រា២៥ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល៕