(ព្រះវិហារ)៖ ជនសង្ស័យជាកម្មករសំណង់ម្នាក់ ត្រូវបានកងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ធ្វើការឃាត់ខ្លួនបន្ទាប់ពីរកឃើញថា រក្សាទុក និងប្រើប្រាស់គ្រឿងញៀន ខុសច្បាប់ នៅក្នុងបន្ទប់ជួលមួយកន្លែងស្ថិតក្នុងភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។
លោកវរសេនីយ៍ទោ ហ៊ុន សារ៉ាវុធ ប្រធានមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា ប្រតិបត្តិការបង្ក្រាបជនសង្ស័យ ជួញដូរគ្រឿងនេះ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ម្សិលមិញ ដោយសហការជាមួយកម្លាំង កងរាជអាវុធហត្ថក្រុងព្រះវិហារ និងដោយការបញ្ជាណែនាំដោយផ្ទាល់ ពីលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ។
លោកវរសេនីយ៍ទោ ហ៊ុន សារ៉ាវុធ បានបន្តថា ជនសង្ស័យឈ្មោះ ធី សាវី អាយុ៣០ឆ្នាំ មានមុខរបរជាជាងសំណងរសនៅចំណុចបន្ទប់ជួល នៅសង្កាត់ខាងលើ។ វត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌ស (ម៉ាទឹកកក) ចំនួន៧កញ្ចប់ ស្មើនឹង២.៩៩ក្រាម និងវត្ថុតាងផ្សេងៗ ជាច្រើនទៀត។
ជាមួយគ្នានេះផងដែរ លោកវរសេនីយ៍ទោ ហ៊ុន សារ៉ាវុធ ក៏សូមផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាយុវជនយើងថា របរណាស្របច្បាប់គួរ នាំគ្នាខិតខំរកទៅទោះមិនបានប្រាក់ ចំណូលធំដុំតែវានាំមកនូវ សេចក្តីសុខដល់ក្រុមគ្រួសារក៍ដូចជាសង្គមជាតិប៉ុន្តែបើរបរខុសច្បាប់ទោះ ជាទទួលបានចំណូលច្រើនយ៉ាងណាក្តី តែមិនអាចគេចពីសំណាញ់ច្បាប់បានឡើយ ជាក់ស្តែងដូចជនសង្ស័យខាងលើនេះជាដើម ធ្វើជាកម្មករសំណង់បានប្រាក់កម្រៃតិចពេក ថែមជួញដូរគ្រឿងញៀនមួយទៀត ទីបំផុតជាប់ខ្នោះរបស់សមត្ថកិច្ច។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕