(ភ្នំពេញ)៖ ព្រោះតែការធ្វេសប្រហេសរបស់កម្មករសំណង់ម្នាក់ពេលធ្វើសកម្មភាពផ្សារសំយ៉ាបផ្ទះទៅប៉ះនឹងខ្សែបញ្ជូនបណ្តាញអគ្គិសនី បណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅភូមិចំនួន៣ នៅតាមបណ្តោយផ្លូវព្រៃស ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។ ភូមិដែលត្រូវដាច់ចរន្តអគ្គិសនីនេះរួមមាន៖ ភូមិត្រពាំងថ្លឹង ភូមិទួលពង្រ និងភូមិទួលពង្រខាងលិច។
តែទោះបីជាយ៉ាងណាក្រោយការធ្វើការដោយញាប់ដៃញាប់ជើងពីមន្ត្រីអគ្គិសនីកម្ពុជានោះ ចរន្តអគ្គិសនីត្រូវបានតភ្ជាប់ជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញទាំងស្រុងនៅវេលាម៉ោង ៤៖១៧នាទីរសៀលថ្ងៃដដែល។
ជាមួយហេតុការណ៍នេះ អគ្គិសនីកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ។ អគ្គិសនីកម្ពុជា ក៏បានសូមការយោគយល់ និងអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះផងដែរ៕