(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានចាត់ឲ្យលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចម្រុះជាច្រើននាក់ ដើម្បីចុះអនុវត្តភ្លាមៗ ក្នុងការរុះរើសំណង់ យាមចាំដីរបស់លោក មាស សាវឿន អតីតអភិបាលរងខេត្តព្រះវិហារ ដែលបានសង់រំលោភលើដីប្រជាពលរដ្ឋក្បែរខាង ជាច្រើនលើក ជាច្រើនសារមកហើយ រហូតទាល់តែបានសម្រេច បើទោះបីជាមានអ្នកយាមចាំដីមករៀរាំងក៏ដោយ។ ចំណាត់ការបែបនេះ បានធ្វើឡើងក្រោយពីទទួលបានបទបញ្ជាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ការចុះរុះរើសំណង់យាមចាំដីរបស់អតីតអភិបាលរងខេត្តព្រះវិហារលោក មាស សាវឿន ដែលសង់រំលោភលើដីប្រជាពលរដ្ឋក្បែរខាង ខាងលើនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
គួររំឭកផងដែរថា កាលពីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ កន្លងទៅ លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ (នគរបាល អាវុធហត្ថ ប្រជាការពារ និងមន្រ្តីមូលដ្ឋាន) ជាង២០០នាក់ ដោយយកគ្រឿងចក្រចុះទៅវាយកម្ទេចចោល របងថ្មដ៏រឹងមាំរបស់លោក មាស សាវឿន អតីតអភិបាលរងខេត្តព្រះវិហារ ដែលសង់រំលោភទៅលើដីរបស់ ប្រជាពលរដ្ឋនៅក្បែរខាង។
ការចុះវាយកម្ទេចរបងថ្មដ៏រឹងមាំខាងលើនេះ បានធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ លោក ប្រាជ្ញ សីហា និងលោក ស៊ូ សោគន្ធ ដែលជាអភិបាលរងខណ្ឌឬស្សីកែវ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។
លោក មាស សាវឿន បានរងនូវការចោទប្រកាន់ថា បានរំលោភយកដីរបស់ស្រ្តីម្នាក់ឈ្មោះ លឹម វណ្ណា មួយកន្លែង ដោយធ្វើរោងយាមចាំដី ចាក់បំពេញអាចម៍ដីបន្ថែម និងសាងសង់របងថ្មរឹងមាំ ទាំងថ្ងៃ ទាំងយប់ បើទោះបីស្ត្រីវ័យចំណាស់រូបនេះ មានលិខិតកាន់កាប់ស្របច្បាប់ត្រឹមត្រូវជាយូរឆ្នាំមកហើយ ដោយមានការទទួលស្គាល់ពីអាជ្ញាធរ និងមន្រ្តីជំនាញគ្រប់លំដាប់ថ្នាក់ក៏ដោយនោះ។
កាលពីពេលថ្មីៗនេះ អាជ្ញាធរខណ្ឌឬស្សីកែវ ធ្លាប់បានទុកពេល១ខែ ជូនលោក មាស សាវឿន និងបក្ខពួកយាម ចាំដីប្រមាណជិត១០នាក់ ដែលប្រដាប់ដោយកាំបិទ ពូថៅរបស់ក្រុមគ្រួសារស្ត្រីឈ្មោះ ថាច់ ស៉ីសាម៉ា ដើម្បីឲ្យវាយកម្ទេចរបងថ្មីរបស់ខ្លួនដែលសង់រំលោភនោះចេញ ប៉ុន្តែឆ្លងផុតទៅមួយខែ នៅតែមិនទាន់អនុវត្តទៀត រហូតកម្លាំងអាជ្ញាធរ និងសមត្ថកិច្ច ក្រោមការសម្របសម្រួលពីតំណាង អយ្យការចុះមកអនុវត្តផ្ទាល់តែម្តង។
អ្នកស្រី លឹម វណ្ណា បានអះអាងថា ដីទំនាស់នេះ មានទំហំ១២០០០ម៉ែត្រការ៉េ គាត់បានទិញដោយស្របច្បាប់ពីលោក លឹម អាន ចំនួនក្បាលដី៦០ម៉ែត្រ មានជម្រៅ២០០ម៉ែត្រ នៅក្នុងឆ្នាំ១៩៩៩មកម្ល៉េះ និងមានទាំងឯកសារពីអាជ្ញាធរ ភូមិ សង្កាត់ ខណ្ឌដឹងឮ និងទទួលស្គាល់ត្រឹមត្រូវ ជាពិសេសលោក មាស សាវឿន ដែលធ្លាប់មានរឿងអាស្រូវជាប់ពន្ធនាគាររឿងដីធ្លី បានលក់ដីរបស់ខ្លួនអស់ទៅហើយ ចំនួន១២៥ម៉ែត្រ និងជម្រៅ២០០ម៉ែត្រ ដែលនៅខាងកើតជាប់ក្បាលដីរបស់ឈ្មោះ លឹម អាន ជាពិសេសលោក មាស សាវឿន បានផ្ដិតមេដៃទទួលស្គាល់ព្រុំដីនៅចំពោះមុខមេភូមិ និងអនុប្រធានភូមិ ក្នុងឆ្នាំ២០០០មក ស្រាប់តែប្តឹងចោទឈ្មោះ លឹម អាន ថាលួចយកដីលក់ ដើម្បីដណ្ដើមដីរបស់គាត់ដែលទិញដោយស្របច្បាប់ ទើបមានការប្ដឹងផ្ដល់គ្នារហូតដល់អំឡុងឆ្នាំ២០១៦។
ករណីនេះត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ស៊ី វណ្ណនី ធ្វើការកោះហៅឲ្យលោក ប៉ុល ឌីម ជាមេភូមិទួលគោក និងលោក ស៊ុន លឹមសេង អនុប្រធានភូមិ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ឲ្យចូលខ្លួនមកបំភ្លឺបញ្ជាក់ជុំវិញករណីពិនិត្យស្នាមមេដៃលើលិខិតលក់-ទិញដី និងទទួលស្គាល់ព្រុំជាប់ដីទាំងសង្ខាង ដើម្បីបញ្ចប់បញ្ហា ហើយបានរកឃើញថា ពិតជាស្នាមមេដៃលោក មាស សាវឿន ប្រាកដមែន ពោលគឺលោក មាស សាវឿន មិនមានដីនៅទីតាំងនោះទៀតទេ។
លោកស្រី លឹម វណ្ណា បន្តថា កាលពីអំឡុងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧កន្លងទៅ ត្រូវបានក្រុមគ្រួសារលោកស្រី ថាច់ ស៊ី សុម៉ា ប្រមាណជិត១០នាក់ ដែលអ្នកយាមដីឲ្យលោក មាស សាវឿន បាននាំគ្នាមកសាងសង់រោងឈើចាំដីរំលោភយកដីរបស់គាត់ ប៉ុន្តែគាត់បានប្តឹងភ្លាមៗ ទៅអាជ្ញាធរខណ្ឌឬស្សីកែវ ឲ្យជួយអន្តរាគមន៍ចុះមករុះរើ តែត្រូវម្ចាស់សុំពន្យាពេល៕