(ភ្នំពេញ)៖ ក្រៅពីអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រតិកម្មជាមួយកូនស្រីលោក កឹម សុខា, នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានព្រលះកញ្ញា កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា ធ្ងន់ៗជុំវិញទាមទារឲ្យរដ្ឋាភិបាលជប៉ុន ចេញមុខពន្យល់បកស្រាយអំពីការផ្តល់ជំនួយរបស់ប្រទេសជប៉ុន គាំទ្រដំណើរការរៀបចំការបោះឆ្នោត, ដោយឧបនាយករដ្ឋមន្រ្តី លើកឡើងជាមួយភាពអស់សំណើចថា ជាការថ្លែងគ្មានដឹងខ្យល់អីសោះតែម្តង។
ការព្រលះធ្ងន់ៗរបស់ឧបនាយករដ្ឋមន្រ្តីបែបនេះ ធ្វើឡើងបន្ទាប់ពីកញ្ញា កឹម មនោវិទ្យា បានសរសេរនៅលើទំព័រ Twitter របស់កញ្ញាថា «ជប៉ុនត្រូវតែពន្យល់ដល់ប្រជាជនកម្ពុជាថា តើហេតុអ្វីបានជាខ្លួន ធ្វើការគាំទ្រដល់ការបោះឆ្នោតសិប្បនិម្មិត ដែលជាការលួចប្លន់ឆន្ទៈនៃប្រជាជនកម្ពុជារាប់លាននាក់»។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងតាមរយៈបណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ជប៉ុនជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ នៅអាស៊ី និងជាមហាអំណាចសេដ្ឋកិច្ចទី៣ លើពិភពលោក, កញ្ញា កឹម មនោវិទ្យា ទៅវិញទេដែលមិនដឹងខ្យល់អីទាល់តែសោះ ដែលទាមទារឲ្យជប៉ុនពន្យល់ពីការផ្តល់ថវិកាសម្រាប់ការបោះឆ្នោតនៅកម្ពុជាទៅវិញ។ តើអ្នកឯងមានដឹងខ្លួនអត់ថាខ្លួនជានរណា, អត់ទឹកអត់ដី រត់ពីស្រុកមួយទៅស្រុកមួយ អត់ដឹងខ្យល់អីសោះ។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំហាក់ចង់សើច និងមិនដឹង មិនយល់ថាហេតុអ្វីកូនស្រី លោក កឹម សុខា ដេកយល់សព ឬមមើលមម៉ាយ គ្មានដឹងអី បានជាចង់ឲ្យជប៉ុនពន្យល់ការផ្តល់លុយឲ្យ គ.ជ.ប រៀបចំការបោះឆ្នោតនៅកម្ពុជា»។ «ខ្ញុំឆ្ងល់មានដឹងខ្លួនជានរណាទេ អត់ទឹក អត់ដី ដើរពីស្រុកមួយ ទៅស្រុកមួយអត់ដឹងខ្យល់អីសោះ, ជប៉ុន ជាមហាអំណាចទី២នៅអាស៊ី ខ្ញុំជឿថា បើនិយាយជប៉ុនមិនយកត្រចៀក បើសសេរក៏ជប៉ុនក្រវែងចោលក្នុងធុងសំរាមដែរ គួរដឹងខ្លួនឲ្យហើយទៅ ថាអ្នកណា ជាអ្នកណា កុំចេះតែដេក ស្រមើលស្រមៃឲ្យគេពន្យល់»។
សូមជំរាបថា កញ្ញា កឹម មនោវិទ្យា បានទាមទារឲ្យរដ្ឋាភិបាលជប៉ុន ចេញមុខពន្យល់បកស្រាយអំពីការផ្តល់ជំនួយរបស់ប្រទេសជប៉ុន គាំទ្រដំណើរការរៀបចំការបោះឆ្នោត ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប។ ការទាមទារឲ្យរដ្ឋាភិបាលជប៉ុនចេញមុខបកស្រាយនេះ ធ្វើឡើងក្រោយពេលដែលរដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយជាហិបឆ្នោតចំនួន១ម៉ឺនហិបឆ្នោត ដែលមានតម្លៃជាទឹកប្រាក់សរុបជាង ៧លាន៥សែន (៧,៥) ដុល្លារ នាថ្ងៃទី២១ ខែកុម្ភៈ។
ពាក់ព័ន្ធបញ្ហានេះ លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យរបស់គ.ជ.ប បានឲ្យដឹងថា អ្វីៗដែល គ.ជ.ប កំពុងធ្វើ ដែលក្នុងនោះមានទាំងការទទួលយកជំនួយផងនោះ គឺអនុវត្តតែទៅតាម ច្បាប់ប៉ុណ្ណោះ ។ លោកបានលើកឡើងថា «សម្រាប់ការបោះឆ្នោតព្រឹទ្ធសភាខាងមុខ គឺខាង គ.ជ.ប បានរៀបចំរួចជាស្រេចហើយ។ គឺយើងដំណើរការទៅដោយក្របខណ្ឌ គ.ជ.ប តែម្នាក់ឯងគ្មានអ្វីជាឧបសក្គទេ គឺអ្វីៗដំណើរការដូចការគ្រោងទុក»។
លោកបានថ្លែងថា សម្រាប់ការបោះឆ្នោតជាតិ នៅពេលខាងមុខ គ.ជ.ប ទទួលជំនួយពីប្រទេសជាច្រើន ពិសេសប្រទេសជប៉ុនដែលទើបប្រកាសផ្តល់ថ្មីៗនេះ នូវទឹកប្រាក់សរុបចំនួន ៨០០លានយ៉េន (ប្រមាណ៧លានដុល្លារអាមេរិក) សម្រាប់ហិបឆ្នោតជាង១ម៉ឺន និងសម្ភារបច្ចេកទេសដទៃទៀត។ ក្រៅពីនេះគ.ជ.ប មានជំនួយពីប្រទេសចិន ប្រទេសរុស្ស៊ី៕