(ភ្នំពេញ)៖ Viber ដែលជាកម្មវិធីផ្ញើសារឈានមុខគេមួយ លំដាប់ពិភពលោកបង្កើតឡើង ដោយក្រុមហ៊ុន «Rakuten Viber» ចាប់ផ្តើមយុទ្ធនាការ «យើងស្រឡាញ់កម្ពុជា» ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី ២៣ ខែកុម្ភៈឆ្នាំ ២០១៨នេះ ។ គោលបំណងនៃយុទ្ធនាការនេះ គឺដើម្បីបង្កើនមូលដ្ឋានអ្នកប្រើប្រាស់ ដ៏រឹងមាំឲ្យបានចំនួន ២ លាននាក់នៅកម្ពុជា ដែលជាផ្នែកមួយនៃការពង្រីកខ្លួន ទៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ជាផ្នែកមួយនៃយុទ្ធនាការ «យើងស្រឡាញ់កម្ពុជា» អ្នកប្រើរបស់ Viber នៅកម្ពុជាឥឡូវនេះ អាចទាញយកកញ្ចប់ sticker ថ្មីៗរបស់ Viber ដែលមានលក្ខណៈពិសេស សម្រាប់កម្ពុជាដោយឥតគិតថ្លៃ។ ចំពោះរូបស្ទីកឃរ័ដ៏ពេញនិយម ដែលមានសរសេរជាខេមរភាសា ដូចជា «ហេឡូ, តោះទៅ» និង «តោះញ៉ាំ» ។ រូបស្ទីកឃ័រទាំងនោះ គឺត្រូវបានបង្កើតឡើងដោយវិចិត្រករ ក្នុងស្រុក និងអាចរកបានចាប់ពីពេលនេះតទៅ។ លោកអ្នកអាចធ្វើការទាញយកបាន ដោយគ្រាន់តែចូលទៅកាន់គេហទំពរ័ http://bit.ly/welovecambodia ។
លោក Anubhav Nayyar ប្រធានផ្នែកអភិវឌ្ឍន៍ធុរកិច្ច ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និង អាស៊ីខាងត្បួង បានថ្លែងថា «Viber បានសំឡឹងឃើញកំណើនចំនួន អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា កាលពីឆ្នាំមុន។ ទិសដៅរបស់យើង គឺធ្វើឲ្យ Viber កាន់តែមានទំនាក់ទំនង ជាមួយប្រជាជនកម្ពុជា ដើម្បីទំនាក់ទំនងជាមួយ មនុស្សជាទីស្រឡាញ់របស់ពួកគេ។ យើងបានទទួលជោគជ័យរួចមកហើយ នៅទីផ្សារអាស៊ីអាគ្នេយ៍សំខាន់ៗ មួយចំនួនមានដូចជា ប្រទេសហ្វីលីពីន ប្រទេសវៀតណាម និងប្រទេសមីយ៉ាន់ម៉ា»។
លោក Nayyar បានបន្ថែមទៀតថា «យើងសង្ឃឹមថា នឹងធ្វើការសហការចាប់ដៃគូ ជាមួយនឹងអ្នកមានឥទ្ធិពលក្នុងស្រុក និងបង្កើតមាតិកាជាភាសាខ្មែរជាច្រើន ដូចជារូបស្ទីកឃ័រ Chatbots និងការបង្កើតសេវាកម្មផ្សេងៗជាច្រើនទៀត ដែលទាក់ទងនឹងប្រជាជនកម្ពុជា»។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា នៅឆ្នាំ ២០១៧ ប្រទេសកម្ពុជាមានអ្នកប្រើប្រាស់ អ៊ិនធឺណិតចំនួន ៨,៦ លាននាក់ ដោយក្នុងនោះ មានប្រមាណជា៥៤ភាគរយ ឬស្មើ៧លាននាក់ ប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលមាន៨១ភាគរយ ប្រើតាមទូរស័ព្ទចល័ត៕