(ភ្នំពេញ)៖ យុទ្ធនាការ «ការបំបែកឯតទគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក» ដែលមានប្រវែងរហូតដល់ទៅ១,០០០ម៉ែត្រ៦១ក្រឡា មានពណ៌ដ៏ស្រស់ស្អាត ក្រហមលាយសរ ត្រូវបានបើកត្បាញសរសៃដំបូង នៅព្រឹកទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៩យប់ ដែលប្រព្រឹត្តទៅនៅទីតាំងវាលព្រះមេរុ រាជធានីភ្នំពេញ។
ចាប់តាំងពីដំណើរការ យុទ្ធនាការនេះកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ដោយក្នុងមួយថ្ងៃៗ មានអ្នកចូលរួមត្បាញប្រមាណ៣០០នាក់ ដោយក្នុងនោះមានភ្ញៀវបរទេស ប្រមាណ៣០-៤០ភាគរយ ហើយអ្នកចូលទស្សនាដើម្បីថតរូបទុកជាអនុស្សាវរីយ៍ ក៏មានច្រើនណាស់ដែរ។ នេះបើតាមការឲ្យដឹង តាមរយៈកិច្ចសម្ភាសន៍របស់អង្គភាព Fresh News ជាមួយលោកស្រី គង់ បញ្ញា ប្រធានក្រុមការងារបច្ចេកទេសតម្បាញ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
លោកស្រីប្រធានបច្ចេកទេស គង់ បញ្ញា បានលើកឡើងថា កំណើនភ្ញៀវចូលត្បាញក្រមា និងចូលទស្សនាចេះតែកើនឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ ហើយនៅពេលល្ងាចជាពេលមួយ ដែលមានភ្ញៀវចូលច្រើនជាងគេ ដោយបូករួមទាំងភ្ញៀវបរទេសផងដែរ។ «ចំនួនអ្នកចូលត្បាញមានច្រើន ពេលល្ងាចៗកាន់តែមានច្រើន សម្រាប់អ្នកដែលមកចុះឈ្មោះក្នុងមួយថ្ងៃ ជាមធ្យម៣០០ ទៅ៣៥០នាក់ ចំណែកអ្នកចូលត្បាញកីធំតែម្ដង ជាមធ្យម១០០នាក់ ហើយភ្ញៀវបរទេសមានច្រើន ប្រមាណ៣០ ទៅ៤០ភាគរយ»។
បើតាមលោកស្រី គង់ បញ្ញា ក្នុងមួយថ្ងៃៗការត្បាញក្រមា បានប្រមាណចន្លះពី៦ម៉ែត្រ ទៅ៧ម៉ែត្រ ហើយគិតមកទល់ថ្ងៃនេះ ការត្បាញក្រមា បានប្រមាណ៥០ម៉ែត្រហើយ បើតាមគម្រោងអាចនឹងបញ្ចប់នៅក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ព្រោះថាអាកាសធាតុក៏ជាបញ្ហាមួយ ដែលធ្វើការត្បាញក្រមាយឺតផងដែរ។
ជាក់ស្ដែងនៅរសៀលថ្ងៃនេះ នាយទាហានរបស់កងពលតូចលេខ៧០ ជាច្រើនរូបបានចូលរួមត្បាញក្រមានេះផងដែរ ដែលដឹកនាំដោយ វរសេនីយ៍ទោ យុង ខេមរា នាយសេនាធិការរង និងជានាយការិយាល័យទី៥ ទទួលការងារអប់រំ ផ្សព្វផ្សាយ និងនយោបាយ នៃកងពលតូចលេខ៧០ ក្រោយទទួលបានការណែនាំពី លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការ នៃបញ្ជាការដ្ឋានកងពលតូចលេខ៧០។
វរសេនីយ៍ទោ យុង ខេមរា បានលើកឡើងថា ការមកចូលរួមត្បាញក្រមា ដោយសារតែនេះការងារសង្គម និងវប្បធម៌ ហើយកងទ័ពទោះបីជារវល់កិច្ចការ ការពារជាតិ មាតុភូមិ និងការហ្វឹកហាត់ក៏ពិតមែន ប៉ុន្ដែកងទ័ពនៅតែឆ្លៀតការងារសង្គម ប្រសិនការត្បាញក្រមានេះទទួលបានឯតទគ្គកម្មពិភពលោក នោះគឺពិតជាមុខមាត់របស់ប្រទេសជាតិណាស់ ដូច្នេះហើយកងទ័ពមិនមែនចាំតែកាន់អាវុធហត្ថនោះទេ។
យ៉ាងណាមិញទាំងលោកស្រី គង់ បញ្ញា ប្រធានក្រុមការងារបច្ចេកទេសតម្បាញ និងវរសេនីយ៍ទោ យុង ខេមរា សុទ្ធតែបានអំពាវនាវដល់សាធារណៈជនទាំងអស់ ចូលរួមត្បាញក្រមាដែលវែងគេ ដើម្បីបង្ហាញពីការរួបរួមកម្លាំងរបស់ពលរដ្ឋខ្មែរ ក្នុងការបំបែកឯតទគ្គកម្មពិភពលោក។
សូមជម្រាបថា យុទ្ធនាការក្រមា៖ «បំបែកឯតទកគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក» ត្រូវបាននាំមកជូនបងប្អូនប្រជាជនខ្មែរទាំងអស់ក្នុងគោលបំណងធំៗបី រួមមាន៖ លើកកម្ពស់មោទនភាពជាតិ និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ, បង្កើតការចូលរួមចំណែក ពីប្រជាជនកម្ពុជាគ្រប់មជ្ឍដ្ឋានទាំងអស់ ដើម្បីរួមគ្នាថែរក្សា និងលើកស្ទួយមត៌កវប្បធម៌ប្រពៃណីខ្មែរ និងជំរុញឲ្យមានសាមគ្គីភាព និងឯកភាពជាតិតាមរយៈការរួមគ្នាបង្កើតស្នាដៃដ៏ធំសម្រាប់ជាតិ។
ក្នុងជំនួបជាមួយកម្មករ កម្មការិនី នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើឲ្យកម្មករ កម្មការិនីទាំងអស់ឆ្លៀតឱកាសពេលទំនេរពីការងារ ទៅចូលរួមត្បាញក្រមាដែលវែងគេ ដើម្បីបង្ហាញពីការរួបរួមកម្លាំងរបស់ពលរដ្ឋខ្មែរ ក្នុងការបំបែកឯតទគ្គកម្មពិភពលោក។
សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា ការត្បាញក្រមាវែងជាងគេ ទៅវាលព្រះមេរុ ដែលមានប្រវែងរហូតដល់១ពាន់ម៉ែត្រនេះ គឺជាព្រឹត្តិការណ៍បង្ហាញ ការរួបរួមកម្លាំងក្នុងសង្គមខ្មែរ ដើម្បីសម្រេចលទ្ធផលរួម ហើយសម្ដេចក៏នឹងរកពេលដើម្បីទៅចូលរួមត្បាញក្រមានេះផងដែរ៕