(ភ្នំពេញ)៖ លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៤ នឹងត្រូវប្រកាសនៅល្ងាចថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ បន្ទាប់ពីបញ្ចប់ការបោះឆ្នោតភ្លាមៗ។ នេះបើតាមការអះអាងរបស់ លោក ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅក្នុងសន្និសីទកាសែត នាល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដែលជាថ្ងៃបិទបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោត។
លោក ទេព នីថា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៤ នឹងត្រូវប្រកាសនៅល្ងាច ថ្ងៃអាទិត្យ ហើយលទ្ធផលផ្លូវការ នឹងប្រកាសនៅថ្ងៃទី០៣ ខែមីនា ក្នុងករណីដែលគ្មានបណ្តឹងតវ៉ា។ ប៉ុន្តែក្នុងករណីដែលមានបណ្តឹងតវ៉ា លទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៤ នឹងត្រូវប្រកាសរហូតដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៤ នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ ដោយមានគណបក្សចំនួន៤ ចូលរួមប្រកួតប្រជែង ក្នុងនោះមានគណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។
អាសនៈព្រឹទ្ធសភា សម្រាប់អាណត្តិទី៤នេះ មានចំនួន៦២អាសនៈ ក្នុងនោះសមាជិកព្រឹទ្ធសភា២រូប ត្រូវបានជ្រើសតាំងដោយព្រះមហាក្សត្រ ២រូប ត្រូវបានបោះឆ្នោតដោយរដ្ឋសភា និង៥៨រូបទៀត ត្រូវបោះឆ្នោតដោយសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងតំណែង។ ការបោះឆ្នោតនេះ ចែកចេញជា៨ភូមិភាគ និងមានការិយាល័យចំនួន៣៣ នៅទូទាំងរាជធានី/ខេត្ត៕