(ភ្នំពេញ)៖ លោក ទេព នីថា អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានព្រមានថា ចំពោះលទ្ធផលនៃការបោះឆ្នោត នៅកម្ពុជា ឱ្យតែប្រជាពលរដ្ឋខ្មែរចូលរួម និងទទួលស្គាល់ គឺគ្រប់គ្រាន់ហើយ។ ដោយឡែកប្រទេសដទៃ ដែលមាននិន្នាការនយោបាយ មិនទទួលស្គាល់លទ្ធផលនេះ គឺជាសិទ្ធិរបស់គេប៉ុណ្ណោះ ប៉ុន្តែការបោះឆ្នោតនៅកម្ពុជា មិនបំពេញចិត្តប្រទេសណាទេ។
ការអះអាងរបស់អគ្គលេខាធិការគ.ជ.ប បានធ្វើឡើង នៅក្នុងសន្និសីទកាសែតផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពីការបិទបញ្ចប់ «ដំណើរការឃោសនា បោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
លោក ទេព នីថា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការមិនទទួលស្គាល់លទ្ធផលបោះឆ្នោត នៅកម្ពុជា គឺជាសិទ្ធិរបស់ប្រទេសដទៃ ពាក់ព័ន្ធនឹងនយោបាយរបស់ប្រទេសគាត់។ ទោះជាយ៉ាងណា ក៏យើងនៅមានប្រទេសមួយចំនួនទៀត នៅសហការជាមួយគ.ជ.ប ដើម្បីបន្តការងារនេះ»។
លោក ទេព នីថា បានបន្តទៀតថា៖ «ប្រទេសយើងមានឯករាជ្យ អធិបតេយ្យត្រឹមត្រូវ ហើយសំខាន់បំផុត យើងរៀបចំការបោះឆ្នោតឱ្យបានត្រឹមត្រូវ តាមច្បាប់ តាមនីតិវិធីរបស់យើង ហើយច្បាប់ និងនីតិវិធីក្នុងការរៀបចំរបស់យើង ក៏យើងផ្អែកតាមច្បាប់អន្តរជាតិ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលជាការបោះឆ្នោត ប្រជាធិបតេយ្យដែរ។ ឱ្យតែត្រឹមត្រូវតាមច្បាប់ មានការយល់ព្រមពីប្រជាពលរដ្ឋរបស់យើង គឺចប់ហើយ ព្រោះយើងធ្វើសម្រាប់ប្រទេសយើង មិនមែន ដើម្បីបំពេញចិត្ត ប្រទេសណាទេ»។
សូមបញ្ជាក់ថា នាពេលកន្លងទៅ មានប្រទេសមួយចំនួន ដែលគាំទ្រនយោបាយបក្សប្រឆាំង បានព្រមានអំពីការមិនទទួលស្គាល់លទ្ធផលបោះឆ្នោត នៅឆ្នាំ២០១៨ នៅកម្ពុជា បន្ទាប់ពីតុលាការកំពូលរំលាយគណបក្សសង្រ្គោះជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧។ ប្រទេសទាំងនោះ ក៏បានអំពាវនាវឱ្យ រាជរដ្ឋាភិបាល អនុញ្ញាតឱ្យគណបក្សសង្រ្គោះជាតិដែលត្រូវបានកាត់ទោសអំពីករណីក្បត់ជាតិ ចូលរួមក្នុងការបោះឆ្នោតខាងមុខនេះផងដែរ៕