(កំពង់ធំ)៖ ខ្យល់កន្ត្រាក់ (ភ្លៀងលាយខ្យល់) បានធ្វើឲ្យផ្ទះប្រពលរដ្ឋចំនួន១២ខ្នង, បង្គោលភ្លើង១៣បង្គោល និងហាងកាហ្វេមួយកន្លែង ត្រូវបានខូចខាត ស្ថិតនៅចំណុចភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
សមត្ថកិច្ចមូលដ្ឋាន បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងថា នៅយប់មិញ មានភ្លៀងមួយប្រាវ ហើយខ្យល់បក់បោកយ៉ាងខ្លាំង បណ្តាលឱ្យដួលបង្គោលភ្លើងចំនួន១៣បង្គោល របស់ក្រុមហ៊ុន BVC, ផ្ទះប្រជាពលរដ្ឋចំនួន១២ខ្នង និងហាងកាហ្វេមួយ រងការខូចខាតទាំងស្រុង ដោយដួលរលំក្រាបដល់ដី។
ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី២៣ ខែកុម្ភៈនេះ មួយថ្ងៃទៀត កម្ពុជាមានភ្លៀងធ្លាក់ស្ទើរទូទាំងប្រទេស ដោយសារឥទ្ធិពលខ្យល់ដែលបក់មកពីទិសខាងកើត (ពីសមុទ្រ) និងកម្រិតសម្ពាធទាបខ្សោយ។
ក្រសួងធនធានទឹក បានបញ្ជាក់ថា មកដល់ពេលនេះ ព្យុះទី២ បានអស់ឥទ្ធិពលទាំងស្រុងហើយ ប៉ុន្ដែខ្យល់ដែលបក់មកពីទិសខាងកើត (ពីសមុទ្រ) និងកម្រិតសម្ពាធទាបខ្សោយបាន និងកំពុងបង្កើនឥទ្ធិពលមកលើកម្ពុជា។ លក្ខណៈបែបនេះ នឹងបង្កឲ្យកម្ពុជា មានភ្លៀងកក់ខែបន្ដធ្លាក់រាយប៉ាយ ពីមធ្យមទៅច្រើន (នៅថ្ងៃទី២២-២៣ ខែកុម្ភៈ) ពិសេសនៅតាមបណ្ដាខណ្ឌ ស្រុក ក្រុង នៃរាជធានី-ខេត្តមួយចំនួន ដូចជា៖ រាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប កណ្ដាល កំពង់ស្ពឺ តាកែវ ស្វាយវៀង ព្រៃវែង និងបណ្ដាខេត្តនៅតំបន់មាត់សមុទ្រ៕