(ប៉ៃលិន)៖ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ អ៊ី ឈាន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ មណ្ឌលភូមិភាគ៤ ជាផ្លូវការ នៅខេត្តប៉ៃលិន ដែលពិធីប្រកាសបិទយុទ្ធនាការនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារ គណបក្សប្រជាជន ពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងមូលដ្ឋាន ចូលរួមសរុបចំនួន៧០៨នាក់ ផងដែរ។
លោក កើត សុធា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត បានអានរបាយការណ៍ ស្តីពីសកម្មភាពធ្វើយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នៅខេត្តប៉ៃលិន រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅគ្រប់ឃុំ/សង្កាត់ទាំង ៨ ក្នុងខេត្តប៉ៃលិន ដោយបែកចែកឱ្យក្រុមការងារចុះជួយតាមឃុំ/សង្កាត់នីមួយៗ ធ្វើការឃោសនាតាមគោលដៅ ដែលខ្លួនទទួលខុសត្រូវ និងតាមប្រតិទិនដែលអនុញ្ញាតដោយ គ.ជ.ប។
ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ អ៊ី ឈាន បានមានមតិសំណេះសំណាល និងនាំយកបណ្តាំផ្ញើការសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្ស, សម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយស, សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស និងសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្ស។
នាយឧត្តមសេនីយ៍ បានលើកឡើងថា៖ ពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតនាថ្ងៃនេះ គឺបានបង្ហាញឱ្យឃើញថា កម្ពុជាបាននិងកំពុងការពារបានយ៉ាងរឹងមាំ រាល់សមិទ្ធផលនៃសង្គមជាតិ ការពារឯករាជ្យជាតិ និងអធិបតេយ្យជាតិ ការពារឆន្ទៈ និងផលប្រយោជន៍ប្រជាជនបានយ៉ាងរឹងមាំ ដែលប្រការនេះ បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមានសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម បានលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដ៏ត្រឹមត្រូវនៅកម្ពុជា។
នៅក្នុងឱកាសនោះនាយឧត្តមសេនីយ៍ អ៊ី ឈាន ក៏បានផ្តាំផ្ញើដល់គ្រួសារគណបក្សប្រជាជនកម្ពុជាទាំងអស់ រួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើរតាមបន្ទាត់នយោបាយដ៏ត្រឹមត្រូវ ច្បាស់លាស់ រឹងមាំ របស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ គឺជាយាននាំយើងទាំងអស់គ្នាឆ្ពោះដំណើរទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ យើងទាំងមូល លើគ្រប់វិស័យ ព្រមទាំងជីវភាពរបស់ប្រជាពលរដ្ឋនឹងបន្តកើនឡើងសម្បូរសប្បាយទាំងអស់គ្នា។
សូមបញ្ជាក់ថា៖ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ បានប្រព្រឹត្តទៅរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ ២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ហើយការបោះឆ្នោត នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខ ដែលមានការិយាល័យបោះឆ្នោតសរុបទូទាំងប្រទេសចំនួន៣៣ការិយាល័យ អង្គបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងតំណែងចំនួន ១១.៦៩៥នាក់ តំណាងរាស្ត្រក្នុងតំណែងចំនួន១២៣រូប៕