(ភ្នំពេញ)៖ សហជីពធំៗ ជាង១០០ តំណាងឲ្យកម្មកររាប់សែន នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយ បានប្រកាសយ៉ាងឱឡារឹក គាំទ្រយ៉ាងពេញទំហឹង ចំពោះការរៀបចំសេចក្ដីព្រាងច្បាប់រដ្ឋធម្មនុញ្ញ ស្ដីពីវិសោធកម្មរដ្ឋធម្មនុញ្ញនៃកម្ពុជា និងសេចក្ដីព្រាងសេចក្ដីច្បាប់ ស្ដីពីវិសោធកម្ម ក្រមព្រហ្មទណ្ឌ ដែលដាក់បញ្ចូលបទល្មើសប្រមាថលើព្រះមហាក្សត្រ ដើម្បីរក្សាការពារ និងលើកតម្កើន និងតម្កល់នូវឧត្ដមប្រយោជន៍ជាតិ រាស្រ្ដប្រជា និងព្រះមហាក្សត្រខ្មែរជាធំ។

ក្នុងសេចក្ដីថ្លែងការណ៍របស់សហជីពអះអាងថា ការធ្វើវិសោធកម្មរដ្ឋធម្មនុញ្ញនេះ គឺយោងទៅតាមស្ថានភាពចាំបាច់ និងការវិវឌ្ឍន៍យ៉ាងរហ័សនៃសង្គម ដើម្បីបន្ដលើកកម្ពស់នីតិរដ្ឋ ធានារក្សាការពារផលប្រយោជន៍ជាតិ ឯកភាពជាតិ និរន្ដរភាពជាតិ ឯករាជ្យជាតិ និងប្រជាធិបតេយ្យនៅកម្ពុជា និងការពារអង្គព្រះមហាក្សត្រលើកការរំលោភបំពាន។ ការប្រើប្រាស់យន្តការសភា ក្នុងការសម្រេច និងអនុម័តសេចក្ដីព្រាងច្បាប់ គឺជាការឆ្លុះបញ្ចាំង អំពីប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលស្រលាញ់ការពារប្រទេស និងព្រះមហាក្សត្រ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។

សហជីពទាំងអស់ដែលតំណាងកម្មកររាប់សែននាក់នេះ បានលើកឡើងយ៉ាងដូច្នេះថា «យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ គ្រប់រូបបន្ដគោរពច្បាប់ ដោយឈរលើគោលការណ៍តម្កល់ ផលប្រយោជន៍ជាធំ និងស្នើសុំអង្គការសង្គមស៊ីវិល និងរដ្ឋាភិបាលបរទេសមួយចំនួន ឲ្យបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ក្នុងរូបភាពណាក៏ដោយ ដែលធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍ និងសន្ដិភាពរបស់កម្ពុជា»

សូមជម្រាបថា វិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់បន្ថែមទោស លើការប្រមាថព្រះមហាក្សត្រ រួមទាំងសេចក្តីព្រាងច្បាប់២ទៀត បានឆ្លងផុតស្ថាប័នព្រឹទ្ធសភាហើយ បន្ទាប់ត្រូវបានអនុម័តទាំងស្រុងដោយឥតកែប្រែ នៅក្នុងកិច្ចប្រជុំព្រឹទ្ធសភាពេញអង្គ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨៕