(តាកែវ)៖ លោក សុខ សូកាន អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកគិរីវង់ បានជំរុញដាស់តឿនដល់អង្គបោះឆ្នោតត្រូវត្រៀមលក្ខណៈបានល្អ និងបោះឆ្នោតឱ្យបានត្រឹមត្រូវជូនគណបក្សប្រជាជនកម្ពុជា ឱ្យបាន១០០ភាគរយ ពោលគឺ៨៦លើ៨៦សំឡេង តាមផែនការកំណត់។
ការក្រើនរំឭកនេះ ធ្វើឡើងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នាព្រឹកថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅការិយាល័យបក្សស្រុកគិរីវង់ ដែលមានការចូលរួមពីប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំទាំង១២ សមាជិកសមាជិការក្រុមប្រឹក្សាឃុំទាំង៨៦រូប ព្រមទាំងសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាចំនួន ១៦០នាក់។
លោក សុខ សូកាន បានបញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សសម្រេចផ្តល់សេចក្តីទុកចិត្ត និងផ្តល់តម្លៃខ្ពស់ លើសមាជិកក្រុមប្រឹក្សាឃុំ ដែលនៅក្នុងតំណែងទាំងអស់ ក្នុងឋានៈជាថ្នាក់ដឹកនាំមូលដ្ឋានរបស់រាស្រ្ត និងរបស់បក្ស ដូច្នេះសមាជិកក្រុមប្រឹក្សាទាំងអស់ត្រូវផ្តល់ភាពជាគំរូដល់ប្រជាជនមូលដ្ឋាន ដោយប្រកាន់ខ្ជាប់នូវសីលធម៌ថ្លៃថ្នូរ អត្តចរិតស្លូតបូត ទំនាក់ទំនងល្អជាមួយប្រជាជន មហាជន តែម៉ឺងម៉ាត់ក្នុងការបំពេញភារកិច្ចដែលគណបក្សប្រគល់ឲ្យ ជាពិសេសការប្រកាន់ខ្ជាប់នូវកត្តញ្ញូតាធម៌ និងស្មោះត្រង់ជាដាច់ខាតចំពោះគណបក្សប្រជាជនកម្ពុជា។
លោកបានសង្កត់ធ្ងន់ថា អង្គបោះឆ្នោតត្រូវត្រៀមលក្ខណៈបានល្អ និងបោះឆ្នោតឱ្យបានត្រឹមត្រូវជូនគណបក្សឱ្យបាន ១០០ភាគរយ គឺ៨៦សំឡេងលើ៨៦ តាមផែនការកំណត់។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ពិតជាមានតម្លៃសំខាន់ណាស់ ពីព្រោះព្រឹទ្ធសភា គឺជាអង្គការនៃអំណាចនីតិប្បញ្ញត្តិរបស់ជាតិ។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺជាកិច្ចសំខាន់ចាំបាច់ និងចំពោះមុខដែលគណបក្សត្រូវសម្រេចឲ្យបាន ដើម្បីបន្តដឹកនាំកសាងកម្ពុជាជានីតិរដ្ឋ ពង្រឹងដំណើរការប្រជាធិបតេយ្យ ភាវូបនីយកម្មសង្គម ពង្រឹងនយោបាយ បង្រួបបង្រួម ផ្សះផ្សាជាតិ និងការអភិវឌ្ឍនៅក្នុងសង្គមកម្ពុជា។
លោកប្រធានបានបញ្ជាក់យ៉ាងមុតមាំថា យើងទាំងអស់គ្នាត្រូវជឿទុកចិត្តលើការដឹកនាំតាមមាគ៌ាដ៏ត្រឹមត្រូវ និងភ្លឺស្វាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងថ្នាក់ដឹកនាំគណបក្ស។
គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានតស៊ូប្រយុទ្ធផ្តួលរំលំរបបប្រល័យពូជសាសន៍ដ៏យង់ឃ្នង ហើយទទួលការគាំទ្រដ៏ទូលំទូលាយ និងរឹងមាំពីប្រជាជន និងប្រែជីវភាពសង្គមកម្ពុជាទាំងមូល ឲ្យមានការប្រែប្រួលយ៉ាងធំធេង៕