(កំពង់ធំ)៖ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សប្រជាជនកម្ពុជាទូទាំងខេត្តកំពង់ធំ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមការបោះឆ្នោតជ្រើសសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
ក្នុងការត្រៀមខ្លួននេះលោក សុខ លូ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ បានថ្លែងថា ដើម្បីឲ្យការបោះឆ្នោតសម្រេចបាននូវលទ្ធផលល្អប្រសើរ និងរក្សាបាននូវតម្លៃដ៏ធំធេង ពិតប្រាកដនៃសន្លឹកឆ្នោត លោកបានផ្តាំផ្ញើជូនក្រុមប្រឹក្សាទាំងអស់ត្រូវអនុវត្តការងាររួមមាន៖
ទី១៖ ត្រៀមអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬបណ្ណសម្គាល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់
ទី២៖ មានវត្តមាននៅមុខការិយាល័យបោះឆ្នោត តាមម៉ោងកំណត់
ទី៣៖ ផ្តល់ឱកាសដល់អ្នកមានជំងឹ ស្ត្រីមានផ្ទៃពោះ និងកូនតូចបោះឆ្នោតមុន
ទី៤៖ គូសលើសន្លឹកឲ្យចំលេខរៀងរបស់គណបក្សប្រជាជនកម្ពុជា មានរូបទេវតាបាចផ្កាជាសញ្ញាសម្គាល់
ទី៥៖ ធ្វើឲ្យសន្លឹកឆ្នោតក្លាយជាសន្លឹកឆ្នោតបានការ១០០%
ទី៦៖ ថែរក្សាសុខភាព សុវត្ថិភាពដល់ខ្លួនឯង និងអ្នកដ៏ទៃទាំងការធ្វើដំណើរ និងក្នុងបរិវេណការិយាល័យបោះឆ្នោត។
ក្នុងនោះដែរលោក យ៉ុង សែម សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការពង្រឹង ភូមិភាគទី៨ បានលើកឡើងថា ក្នុងនាមជាសមាជិកក្រុមប្រឹក្សារបស់គណបក្សប្រជាជនកម្ពុជា ដាច់ខាតត្រូវតែបោះ បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ព្រោះសមាជិកទាំងអស់ គឺជាសាច់ជាឈាមរបស់គណបក្សប្រជាជនកម្ពុជា។ មួយវិញទៀត ក្នុងនាមជាសមាជិកគណបក្សប្រជាជនកម្ពុជា មានន័យថា យើងទាំងអស់គ្នាកំពុងចូលរួមថែរក្សានូវ សេចក្តីសុខ សន្តិភាពជូនជាតិមានតុភូមិ ក្នុងការបន្តឲ្យមាននូវការអភិវឌ្ឍន៍ប្រទេសជាតិ ដើម្បីបន្តទៅកាន់កូនចៅជំនាន់ក្រោៗទៀត។
លោក យ៉ុង សែម បានបន្តថា ភាពរីកចម្រើននេះបន្តទៅបានលុះត្រាតែ គណបក្សប្រជាជនកម្ពុជាបន្តដឹកនាំ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជន និងជានាយករដ្ឋមន្ត្រី នៃកម្ពុជា ហើយការឃោសនានេះនឹងត្រូវបញ្ចប់នៅត្រឹមម៉ោង២២៖០០នាទីយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ជាដាច់ខាត។
សូមបញ្ជាក់ថា សមាជិក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សប្រជាជនកម្ពុជាចំនួន៥៤១រូប ក្នុងចំណោមសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំង៤គណបក្ស ដែលមានចំនួនសរុបត្រឹមតែចំនួន៥៨៣នាក់ មានតំណាងរាស្រ្ត៦រូប ដែលនៅក្នុងនោះសមាជិកក្រុមប្រឹក្សារបស់គណបក្សរួបរួមជាតិ ចំនួន៤រូប សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សហ៊ុនស៊ិនប៉ិច ចំនួន៣៣រូប និងសមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានចំនួន២រូប ហើយសមាជិកទាំងអស់នេះ នឹងត្រូវចូលរួមបោះឆ្នោតជ្រើស រើសសមាជិកព្រឹទ្ធសភា ដែលត្រូវធ្វើការបោះឆ្នោតពេញមួយថ្ងៃចាប់ ពីម៉ោង៧៖០០នាទីព្រឹក ដល់ម៉ោង៣៖០០នាទីរសៀល នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨៕