(បាត់ដំបង)៖ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នៅក្នុងមូលដ្ឋានស្រុកសំឡូត ដែលធ្វើឡើងដោយ គណបក្សប្រជាជនកម្ពុជា បានបិទបញ្ចប់ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
ពិធីបិទបញ្ចប់នៃយុទ្ធនាការឃោសនា នៅមូលដ្ឋានស្រុកនេះ បានធ្វើឡើងក្រោមអធិបតីភាព បណ្ឌិត អ៊ុក គង់ បេក្ខជន សមាជិកព្រឹទ្ធសភានីតិកាលទី៤ និងលោកនាយឧត្តមសេនីយ៍ ឈុំ សុជាត សមាជិក គណៈកម្មាធិការកណ្តាលចុះជួយខេត្តបាត់ដំបង, ប្រធានស្តីទីក្រុមការងារចុះជួយស្រុកសំឡូត និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំតាសាញ់ ដោយមានការចូលរួមពីសមាជិក សមាជិការ នៃគណបក្សប្រជាជនកម្ពុជា ជាច្រើនផងដែរ។
បន្ទាប់ពីស្តាប់របាយការណ៍របស់ លោក កុល បុត្រ ប្រធានគណៈកម្មាធិការសមាជិកគណបក្សស្រុកសំឡូត លោក អ៊ុក គង់ បេក្ខជន សមាជិកព្រឹទ្ធសភានីតិកាលទី៤ បានលើកឡើងនូវចំណាប់អារម្មណ៍មួយចំនួន។
លោក ឈុំ សុជាត ប្រធានស្តីទីក្រុមការងារចុះជួយស្រុកសំឡូត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ទាំងអស់ ដែលជាតំណាងប្រជាពលរដ្ឋនៅមូលដ្ឋាន ក៏ដូចជាសកម្មជនគណបក្សប្រជាជនកម្ពុជាទាំងអស់ នៅមូលដ្ឋានស្រុកសំឡូត ដែលបានចូលរួមយ៉ាងសកម្ម នៅក្នុងការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា រយៈពេល២សប្តាហ៍មកនេះ។
លោកក៏បានផ្តាំផ្ញើទៅកាន់អង្គបោះឆ្នោតទាំងអស់ ឱ្យត្រៀមខ្លួនឱ្យបានរួចជាស្រេច ក្នុងការបោះឆ្នោតនៅថ្ងៃអាទិត្យខាងមុខនេះ និងត្រូវមានការប្រុងប្រយ័ត្ន នៅក្នុងការគូសសន្លឹកឆ្នោត ហើយគូសឱ្យបានត្រឹមត្រូវតាមការកំណត់របស់គ.ជ.ប។ ក្នុងករណីសន្លឹកឆ្នោតមានរហែក ឬគ្មានបោះត្រា ត្រូវរាយការណ៍ សុំប្តូរសន្លឹកឆ្នោតសារជាថ្មី។
សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ បានចាប់ពីថ្ងៃទី១០ ខែកុម្ភៈ និងបិទបញ្ចប់ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ប៉ុន្តែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា នៅអំឡុងពេលនោះ មានតែគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ ដែលបានធ្វើសកម្មភាពឃោសនាបោះឆ្នោត ដោយឡែកគណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សយុវជនកម្ពុជា និងគណបក្សខ្មែររួបរួមជាតិ មិនបានធ្វើសកម្មភាពឃោសនាបោះឆ្នោតឡើយ៕