(កំពង់ចាម)៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តកំពង់ចាម សហការជាមួយមន្ចីរពាណិជ្ជកម្ម បានចុះពិនិត្យទំនិញតាមផ្ទះ និងក្នុងផ្សារបឹងកុក ក្រុងកំពង់ចាម ដោយបានរកឃើញគុយទាវសរសៃធំ មានសារធាតុគីមីហាមឃាត់ (Borax) ហើយដកហូតយកមករក្សាទុកនៅសាខា ដើម្បីចាត់ការបន្តទៀត។
លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ចាម បានប្រកាសថា លោកនឹងចាត់វិធានការទៅតាមច្បាប់ចំពោះអ្នកដែលរឹងរូសលក់ទំនិញហួសសុពលភាព ឬលាយសារធាតុគីមី នាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកប្រើប្រាស់។
ដើម្បីចួលរួមថែរក្សាសុខភាពប្រជាពលរដ្ឋលោក ស៊ាន ស៊ីណាត តែងបានដឹកនាំមន្ត្រីរបស់លោក ចុះត្រួតពិនិត្យទប់ស្កាត់ទំនិញទាំងនៅតាមច្រកព្រំដែន និងទំនិញដាក់តាំងលក់ក្នុងផ្ទះ និងតាមទីផ្សារ។ បើទោះបីសកម្មភាពទប់ស្កាត់ និងចុះត្រួតពិនិត្យមានសកម្មភាពសកម្មយ៉ាងណាក្តី តែទំនិញដែលហួសសុពលភាពប្រើប្រាស់ នៅតែបានរកឃើញនៅតាមផ្ទះ និងតាមទីផ្សារ។
ដើម្បីលើកកម្ពស់ និងការពារសុខភាពរបស់ប្រជាពលរដ្ឋ លោកប្រធានសាខាកាំកុងត្រូលខេត្តកំពង់ចាមថ្មីរូបនេះ បានព្រមានថា លោកចាត់ការទៅតាមច្បាប់ចំពោះអ្នកលក់ទាំងឡាយ ដែលបន្តរឹងរូសលក់ទំនិញហួសសុពលភាព និងទំនិញលាយសារធាតុគីមី។
បើតាមច្បាប់កាំកុងត្រូល បានចែងថា ជនដែលលក់ទំនិញហួសសុពលភាព និងលាយសារធាតុគីមីនាំឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ គឺត្រូវប្រឈមការជាប់ពន្ធនាគារពី ១ខែ ទៅ១ឆ្នាំ និងពិន័យប្រាក់ពី ១លានរៀល ដល់១០លានរៀល៕