(ភ្នំពេញ)៖ យុទ្ធនាការឃោសនារកសំឡេងសម្រាប់ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភានីតិកាលទី៤ រយៈពេល១០ថ្ងៃ ត្រូវបិទបញ្ចប់នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះហើយ ខណៈដែលការបោះឆ្នោត នឹងឈានចូលមកដល់នៅថ្ងៃទីអាទិត្យទី២៥ ខែកុម្ភៈនេះ។
ជាមួយការឈានមកដល់នៃការស្វែងរកសំឡេងនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយពីលទ្ធផល នៃដំណើរការឃោសនារកសំឡេងឆ្នោតនេះផងដែរ។ កិច្ចប្រជុំផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួមពីតំណាងក្រុមប្រឹក្សាធម្មនុញ្ញ ក្រសួងពាក់ព័ន្ធនានា តំណាងគណបក្សនយោបាយ តំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ តំណាងស្ថានទូតជប៉ុន ជំនាញការ JICA និងជំនាញការកូរ៉េប្រចាំនៅ គ.ជ.ប រួមនិងអ្នកព័ត៌មានជាតិ អន្តរជាតិជាច្រើនរូបផងដែរ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាអាណត្តិទី៤នេះ មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន៤រួមមាន៖ គណបក្សប្រជាជនកម្ពុជាឈរលេខរៀងទី១, គណបក្សយុវជនកម្ពុជាឈរលេខរៀងទី២, គណបក្សខ្មែររួបរួមជាតិឈរលេខរៀងទី៣ និងគណបក្សរាជានិយមហ៊្វុនស៉ិនប៉ិចឈរលេខរៀងទី៤។
ការឃោសនារកសំឡេងឆ្នោតរយៈពេល១០ថ្ងៃនេះ គេសង្កេតឃើញថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយធំជាងគេនៅកម្ពុជា បានធ្វើសកម្មភាពផុលផុសជាងគេ។ គេក៏សង្កេតឃើញផងដែរថា យុទ្ធនាការនេះត្រូវបានធ្វើឡើងដោយប្រក្រតីភាព មិនមានបាតុភាពណាមួយនាំឲ្យរំខានដល់យុទ្ធនាការនេះឡើយ។
សូមរំលឹកដែរថា អង្គបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាមានតែសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ១១,៥៧២រូប និងតំណាងរាស្ត្រ១២៣រូបប៉ុណ្ណោះ៕