(ភ្នំពេញ)៖ ស្ថានទូតអាមេរិក នឹងបើកសម្ពោធមជ្ឈមណ្ឌលមួយ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ។ មជ្ឈមណ្ឌលនេះមាន កម្មវិធីនានាមួយចំនួន ដូចជា ក្លិបរៀនភាសាអង់គ្លេស ក្លិបភាពយន្ត ក្លិបអានសៀវភៅ និងកម្មវិធីវាគ្មិនស្តីពី ប្រធានបទនានា។ នេះបើតាមការប្រកាសរបស់ស្ថានទូតអាមេរិក។
តាមសេចក្តីប្រកាស, មជ្ឈមណ្ឌលក៏មានផ្តល់ផងដែរនូវសេវាណែនាំស្តីពីការសិក្សានៅក្នុងសហរដ្ឋអាមេរិក ដែលផ្តល់ព័ត៌មានដោយឥតគិតថ្លៃ មិនលំអៀង និងពេញលេញ ស្តីពីស្ថាប័នសិក្សាអប់រំនៅក្នុងសហរដ្ឋអាមេរិក និងការណែនាំសំរាប់អ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ស្តីពីវិធីល្អៗក្នុងការចាប់យកឱកាសទាំងនោះ។
សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ពីមុនមកមជ្ឈមណ្ឌលនេះមានឈ្មោះថា «មជ្ឈមណ្ឌលធនធានព័ត៌មាន» ធ្វើឲ្យមជ្ឈមណ្ឌលអាមេរិកថ្មីនេះ មានសៀវភៅ ចំនួន១៥០០ក្បាល ទស្សនាវដ្តី សៀវភៅដែលមានជាសំលេង និងភាពយន្តឯកសារស្តីពីប្រធានបទនានា និង មូលដ្ឋានទិន្នន័យ សំរាប់ការស្រាវជ្រាវរបស់សិស្ស និស្សិតនិងសាធារណជនទូទៅ។ បុគ្គលិករបស់មជ្ឈមណ្ឌល អាមេរិកនិងផ្នែកផ្តល់សេវាព័ត៌មាន ស្តីពីការសិក្សា នៅសហរដ្ឋអាមេរិក នឹងថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុង ពេលនៃពិធីនេះ៕