(ភ្នំពេញ)៖ ជាថ្មីម្ដងទៀត សមាគមភាពយន្តកម្ពុជា បានសម្រេចចិត្តធ្វើការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំវ័យក្មេង ឲ្យមកកាន់កាប់ និង មើលការខុសត្រូវ ចំពោះខ្សែភាពយន្ត នៅក្នុងប្រទេសកម្ពុជា ខណៈការបោះឆ្នោតលើកនេះ ម្ចាស់ផលិតកម្មមហាហង្ស លោក អ៊ិន សុភិន ត្រូវបានគេជ្រើសរើសធ្វើជាអនុប្រធាន ដើម្បីដឹកនាំសមាគមខ្សែភាពយន្ត ឲ្យមានភាពជោគជ័យ និង អាចដាក់ប្រកួតប្រជែង ជាមួយខ្សែភាពយន្តអន្ដរជាតិ ដូចជាពេលមុនៗ ដោយម្ចាស់ផលិតកម្មរូបនេះ ក៏ធ្លាប់បានមានស្នាដៃ អាចឈ្នះពានឆ្នើមក្នុង រឿង «ក្រមុំចាស់ប៉ះក្មេងស្ទាវ» ផងដែរ ។
ការបោះឆ្នោតជ្រើសរើសអ្នកតំណាង នៅក្នុងអណ្ណត្តិថ្មីនេះ ត្រូវបានបោះឆ្នោតឡើងដោយសុក្រិត និង អព្យាក្រិត បំផុត ដោយមានការរៀបចំយ៉ាងយកចិត្តទុកដាក់ ដែលត្រូវបានគេចាត់ទុកថា គឺជាការបោះឆ្នោតរាប់សន្លឹកឆ្នោត ដូចជាការរើសប្រធានថ្នាក់នៅឯសាលារៀន យ៉ាងដូច្នោះ ដែរ។ ខណៈការបោះឆ្នោតនេះ ធ្វើឡើងនៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០១៨ ក៏មានការចូលរួមមន្ត្រីអ្នកមានមុខ មានមាត់ ដែលជាប់ពាក់ព័ន្ធនឹងវិស័យភាពយន្ត ដែលមកពីនាយកដ្ឋានភាពយន្ត និង ក្រសួងវប្បធម៌ ព្រមទាំងមានការចូលរួមពីម្ចាស់ផលិតកម្មតូច-ធំ ជាច្រើននាក់ ទៀត។
លោក ស៊ិន ចន្ចសាយ៉ា ដែលជាទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមភាពយន្តកម្ពុជា បាននិយាយថា ការបោះឆ្នោតនេះ គឺជាការជ្រើសរើសថ្នាក់នាំសមាគមប្រកបដោយឆន្ទៈរបស់ផលិតករ ហើយលោករំពឹងថា ក្បាលម៉ាស៊ីនទាំងបីនាក់ខាងលើ នឹងសហការគ្នា ធ្វើការបានល្អ ដើម្បីឲ្យវិស័យភាពយន្ត នៅកម្ពុជា កាន់តែមានភាពរីកចម្រើន ទៅមុខហើយការជ្រើសរើសអ្នកកាន់តំណែងអណត្តិថ្មីនេះ ពិតជាធ្វើឲ្យ មានផលប្រយោជន៍ពេញទំហឹង សម្រាប់វិស័យផលិតភាពយន្តទាំងមូល។
អនុប្រធានសមាគមន៍ភាពយន្ត លោក អ៊ិន សុភិនបានអះអាងថា ក្រោមការបោះឆ្នោតឲ្យលោក ទទួលបានតំណែងនៅក្នុងសមាគម មួយនេះ លោកនឹងរួមចំណែកដឹកនាំសមាគមឲ្យមានភាពរីកចំរើនទៅមុខ ជាពិសេសចំពោះការលើកស្ទួយវិស័យភាពយន្តនៅកម្ពុជា ដើម្បីឲ្យមានគុណភាព និងមានការរីកចំរើន។ ក្នុងនោះលោកក៏ត្រៀមបណ្ដុះបណ្ដាលវគ្គឯកទេស ទៅដល់ ផលិតករជំនាន់ក្រោយ ដើម្បីផលិតករទាំងនោះ មានអតិភាពជ្រកក្រោម នៅក្នុងសមាគម។
ម្ចាស់ផលិតកម្មមហាហង្ស និង ទើបបានក្លាយជាអនុប្រធានសមាគមន៍ភាពយន្តកម្ពុជាខាងលើ ប្រាប់ប្រាប់ឲ្យដឹងថា «ក្នុងនាមខ្ញុំជាអនុប្រធានសមាគមន៍ភាពយន្តកម្ពុជា ក៏ដូចជាអ្នកតំណាងឲ្យប្រធាន និង អគ្គលេខា ពួកខ្ញុំបាទទាំងបីនាក់ នឹងរួមដៃគ្នា ធ្វើឲ្យផលិតករ នៅក្នុងប្រទេសកម្ពុជា កាន់តែមានតម្លៃនិពន្ធ ដើម្បីឲ្យវិស័យភាពយន្ត ទាំងរឿងរោងកុន និងរឿងភាគទូរទស្សន៍ មានការឈានឡើងទៅមុខ ជាលំដាប់»។
លោកបន្តថា «ក្រោយពីរកឃើញក្បាលម៉ាស៊ីន តាមរយៈការបោះឆ្នោត ដោយស្ថិតក្រោមការចូលរួមពីសមាជិកទាំងអស់នោះ សមាគមក៏មានគម្រោង រៀបចំកម្មវិធីសមោសរធំមួយ ដើម្បីប្រកាសអោយតារាសិល្បៈ និង មហាជន បានដឹងពីសមាសភាព ប្រធាន អនុប្រធាន និង អគ្គលេខា ក្នុងអណ្ណត្តិថ្មី ក្នុងពេលដ៏ខ្លីខាងមុខនេះ ផងដែរ ដើម្បីអោយថ្នាក់ដឹកនាំ ទើបនឹងជាប់ឆ្នោត ទាំងអស់នោះ បានបង្ហាញពីការតាំងចិត្ត និង យុទ្ធសាស្ត្រដែលពួកគាត់កំណត់ឡើង»។
លោកអ៊ិន សុភិន សង្កត់យ៉ាងធ្ងន់ថា «ដើម្បីលើកទឹកចិត្តដល់សមាសភាពដែលទើបជាប់ឆ្នោត សមាគមនឹងធ្វើពិធីប្រកាសអោយពេញកិត្តិយស ហើយនៅក្នុងពិធីនោះ ក៏នឹងក្លាយជាពិធីជួបជុំតារាសិល្បៈ និងផលិតករ និងជាពិធីប្រកាសអោយតារាសិល្បៈ ក៏ដូចជាផលិតករជាសមាជិក បានដឹងពីគោលការណ៍របស់សមាគមដែលនឹងអនុវត្តន៍សម្រាប់អណ្ណត្តិថ្មីនេះផងដែរ»។
គួរបញ្ជាក់ផងដែរថា លោកអ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្ស ត្រូវបានអង្គពិធីបោះឆ្នោតអោយក្លាយជាអនុប្រធាន ខណៈដែល លោកឆាយ បូរ៉ា នៅតែរក្សាតំណែងជា ប្រធានសមាគម ដដែល លោកសែម វិសាល ដែលជាម្ចាស់ផលិតកម្ម Wonderfilm Cambodia គឺជាអគ្គលេខា។ ក្រៅពីថ្នាក់ដឹកនាំទាំង៣ ខាងលើ ត្រូវបានគេដឹងថា មានសមាសភាព២រូបទៀត ត្រូវបានតែងតាំងជាសមាជិកសកម្ម មាន លោក Millan Lov និង លោក ព្រហ្ម សិលា ៕