(ក្រចះ)៖ អគាសិក្សា១ខ្នង ២ជាន់ ស្មើនឹង១២បន្ទប់ នៅវិទ្យាល័យព្រែកប្រសព្វ ក្នុងឃុំ/ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ត្រូវសម្ភោធដាក់ឲ្យប្រើប្រាស់ ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងមន្ត្រីរាជការគ្រប់មន្ទីរស្ថាប័នជុំវិញខេត្ត សរុប១៤១២នាក់ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨។
អគារសិក្សា ដែលជាសមិទ្ធផលថ្មី បានលេចរូបរាងឡើង នៅវិទ្យាល័យព្រែកប្រសព្វនាពេលនេះ គឺកើតចេញពីការចូលរួមបរិច្ចាគនូវធនធានថវិកាផ្ទាល់ខ្លួន ដ៏មានតម្លៃរបស់សប្បុរសជនជិតឆ្ងាយ ដែលជាការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន។
អគារសិក្សា១ខ្នង ២ជាន់ ស្មើនឹង១២បន្ទប់ ជាអំណោយរបស់សប្បុរសជន ដែលត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនាព្រឹកនោះដែរ គឺចាប់ផ្តើមកសាងកាលពីថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០១៥ និងកសាងរួចរាល់ជាស្ថាពរនៅថ្ងៃទី០១ ឧសភា ឆ្នាំ២០១៦ ដោយត្រូវបានចំណាយថវិកាសរុបចំនួន១៥០,៦៨១ដុល្លារសហរដ្ឋអាមេរិក។
លោក ហ៊ុន ម៉ានិត បានថ្លែងកោតសរសើដ៏ស្មោះចំពោះគណៈកម្មការ ប្រជាពលរដ្ឋ និងលោកគ្រូអ្នកគ្រូ ដែលបានខិតខំប្រឹងប្រែងស្វែងរកជំនួយពីសប្បុរសជនជិតឆ្ងាយ ដើម្បីកសាងអគាសិក្សា ដែលជាសមិទ្ធផលថ្មីចំពោះមុខនេះ។
លោកបន្តទៀតថា វិស័យអប់រំ ជាវិស័យអាទិភាព ត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់ពង្រឹងនៅតាមគ្រឹះស្ថានសិក្សានីមួយៗ ទូទាំងប្រទេស ទាំងអគារសិក្សារបស់រដ្ឋ និងឯកជន ឲ្យធនធានមនុស្សកាន់តែសម្បូរបែប និងប្រកបដោយសមត្ថភាពខ្ពស់ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។ ទន្ទឹមនោះ ការរីកចម្រើននៃសមិទ្ធផល ជាពិសេសអគារសិក្សា គឺជាការចំបាច់បំផុត ជាថ្នាក់បណ្តុះបណ្តាលពូជធនធានមនុស្សដ៏សំខាន់ ដែលមិនអាចខ្វះបាន។ បច្ចុប្បន្ននេះ សមិទ្ធផលជាច្រើន បានរីកដុះដាលដូចផ្សិត តាំងពីទីប្រជុំជន ដល់ជនបទ ទាំងវិស័យអណាចក្រ និងពុទ្ធចក្រ ហើយការរីកចម្រើន នៃសមិទ្ធផលទាំងអស់នេះ គឺដោយសារប្រទេសយើងមានសុខសន្តិភាពពេញលេញ៕