(បាត់ដំបង)៖ នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបង សហការជាមួយសមត្ឋកិច្ចមូលដ្ឋាន បានចុះទៅផ្សព្វផ្សាយអប់រំ ស្ដីពីសុវត្ថិភាពម្ហូបអាហារ នៅសាអនុវិទ្យាល័យ ត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ដើម្បីអប់រំដល់ប្អូនៗ សិស្សានុសិស្ស ឲ្យបានស្វែងយល់សុខភាព ចំណីអាហារ ដើម្បីសុខភាពមុន និងជ្រើសរើសផលិតផលម្ហូបអាហារ ណាមួយយកមកបរិភោគ។
លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង បានថ្លែងថា ដើម្បីថែរក្សាបានសុខភាព និងអនាម័យ រួមទាំងគុណភាព តោងយើងស្វែងយល់ឲ្យបានត្រឹមត្រូវផលិតផលអំពីសម្ភារមានគុណ ត្រូវមានឈ្មោះអាស្រ័យដ្ឋាន អ្នកទទួលខុសត្រូវលើផលិតផល ប្រភព មានថ្ងៃផុតកំណត់ រួមទាំងសញ្ញាសុវត្តិភាព ឬសញ្ញាស្តង់ដា។ល។ ចំពោះចំណីអាហារគ្មានអនាម័យ ឬគ្រឿងកំប៉ុងដែលមានបញ្ហាគុណភាពដូចជា៖ ច្រេះស៊ី ហួសកាលបរិច្ឆេទប្រើប្រាស់ គ្មានស្លាកសញ្ញាត្រឹមត្រូវ ក្លែងបន្លំគុណភាពគ្រោះថ្នាក់។
លោក ហាក់ សុខរិន បានបន្តថា បន្ទាប់ពីចុះអប់រំផ្សព្វផ្សាយរួចមកមន្រ្តីជំនាញយើងក៏បានចុះទៅត្រួតពិនិត្យទំនិញដែលដាក់តាំងលក់នៅផ្សារ ខេ.អ ឌី (ហៅផ្សារកំរៀង) ស្ថិតនៅស្រុកកំរៀង បន្តទៀត ពេលចុះពិនិត្យយើងបានរកឃើញ ទំនិញខូចគុណភាពចម្រុះរួមមាន៖ ទឹកត្រីដប ស្នៀតពោតកំប៉ុង ទឹកផ្លែឈើកំប៉ុង ទឹកក្រូចដប នំកញ្ចប់ ប្រមាណជាង៥៧គីឡូក្រាម យកមករក្សាទុកនៅសាខា ដើម្បីដុតកំទេចចោលនៅពេលក្រោយ។
លោក ហាក់ សុខរិន បានបញ្ជាក់ថា ទោះជាអ្នកលក់ទំនិញមួយចំនួនតូចមិនទាន់បានយល់ច្បាស់ពីផលប៉ះពាល់សុខភាពដោយសារ នៅដាក់តាំងលក់ទំនិញខូចគុណភាពហួសកាលបរិច្ឆេទ យ៉ាងណាក៏ដោយតែមន្រ្តីជំនាញនៅតែបន្តធ្វើសកម្មភាពអប់រំផ្សព្វផ្សាយ ដោយផ្ទាល់ ឬតាមរយៈ បិទផ្ទាំងក្រដាសមានរូបបង្ហាញពីផលប៉ះពាល់មានអ្វីខ្លះជាប្រចាំកន្លងមកក៏ដូចទៅថ្ងៃអនាគតពួកគាត់បានស្វែងយល់ចំណេះដឹង ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានការយល់ដឹងច្រើនជាងមុន គិតទាំងអ្នកលក់ អ្នកទិញ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សបានយកចំណះដឹងទាំងនេះ យកទៅផ្សព្វផ្សាយបន្តដល់មិត្តភក្តិ និងក្រុមគ្រួសាររបស់ពួកគេមានការយល់ច្បាស់ជាមុន និងនាំគ្នាទប់ស្កាត់ការដាក់តាំងលក់ ការនាំចូលដោយខុសច្បាប់រាល់ទំនិញពាក់ព័ន្ធចំណីអាហារខូចគុណភាព ហួសកាលបរិច្ឆេទជាដើម៕