(ភ្នំពេញ)៖ ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន បន្ទាប់ពីបញ្ចប់បទបង្ហាញ និងតាំងបង្ហាញសេវាសាធារណៈ របស់ខ្លួនដែលមានទម្រង់ជាប្រព័ន្ធអនឡានថ្មី នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក ជា សុជាតិ ប្រធាននាយកដ្ឋាន ដឹកជញ្ជូនផ្លូវគោក បានលើកឡើងថា រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋទូទាំងប្រទេស បានយកយានយន្ដរបស់ខ្លួន ទៅចុះបញ្ជើប្រព័ន្ធស្វ័យប្រវត្តិកម្ម ត្រួតពិនិត្យលក្ខណៈបច្ចេកទេស មានប្រមាណជាង៥០ម៉ឺនគ្រឿងហើយ។
លោក ជា សុជាតិ បានថ្លែងថា «យើងចាប់ផ្ដើមមកពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ រហូតមកដល់ពេលនេះ បានជាង៥០ម៉ឺនហើយ ក្នុងហ្នឹងសូមជម្រាបជូនថា ទោចក្រយានយន្តមានភាគច្រើន ចំពោះឡានតូច ឡានធំ មានចំនួនមួយ ដែលនៅតិចជាងទោចក្រយានយន្ត»។
លោកបានបន្ដថា នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានសម្រេចធ្វើយ៉ាងឲ្យពលរដ្ឋមានការយល់ដឹងកាន់តែច្បាស់ ចំពោះបញ្ហាចុះបញ្ជីប្រព័ន្ធស្វ័យប្រវត្តិកម្ម។ កម្ពុជា ជាប្រទេសទីមួយដែលបានប្រើប្រាស់ QR Code បំពាក់លើផ្លាកយានយន្ដមុនគេ ជាពិសេស QRCode មានសារៈសំខាន់យ៉ាងខ្លាំង ចំពោះការពារយានយន្ដក្លែងក្លាយ។
លោក ជា សុជាតិ បានបញ្ជាក់ថា ចំពោះបញ្ហាក្លែងក្លាយយានយន្ដ បណ្ដាឲ្យរាជរដ្ឋាភិបាលបាត់បង់ចំណូលពន្ធ និងបញ្ហាសន្ដិសុខជាដើម។ ពលរដ្ឋមានអាសយដ្ឋាននៅរាជធានីភ្នំពេញ ត្រូវធ្វើផ្លាកលេខនៅរាជធានីភ្នំពេញ ពលរដ្ឋមានអាសយដ្ឋាននៅតាម បណ្ដាខេត្តត្រូវធ្វើផ្លាកលេខ នៅតាមខេត្ត ដើម្បីងាយស្រួលក្រែងមានបញ្ហាអ្វីដែលអាចកើតឡើងបាន។
គួររម្លឹកថា លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បញ្ជាក់ផងដែរថា ប្រព័ន្ធស្វ័យប្រវត្តិកម្ម ជាមធ្យោបាយធ្វើទំនើបកម្ម សេវាកម្ម សម្រាប់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការដឹកជញ្ជូនកម្ពុជា អាចជួយសម្រួលដល់ការ ចុះបញ្ជីយានយន្តរបស់ប្រជាពលរដ្ឋ ការផ្តល់ប័ណ្ណបើកបរ ការប្រឡងទ្រឹស្តីបើកបរ ការចុះបញ្ជីយានយន្ត និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត បានឆាប់រហ័ស កាត់បន្ថយភាពស្មុគស្មាញ និងអនុញ្ញាតឲ្យទូទាត់ប្រាក់កម្រៃ សេវាតាមអនឡាញប្រកបដោយតម្លាភាព៕