(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្ដទំនើបម៉ាក Rang Rover បុករះម៉ូតូ និងរថយន្តខូចខាតអស់៥គ្រឿង (រថយន្ត១គ្រឿង) នៅតាមផ្លូវ R6 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ (ប្លុកបឹងកក់) រួចបើករត់ទៅតាមផ្លូវទំនប់៧០ ក្នុងខណ្ឌទួលគោក បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និងរងរបួស២នាក់ ត្រូវបានប្រជាពលរដ្ឋជាច្រើននាក់ ទៅឡោមព័ទ្ធ និងវាយសំពងខ្លាំងៗ រហូតសន្លប់បាត់ស្មារតី ត្រូវសមត្ថកិច្ចដាក់ខ្នោះដៃ រួចបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យសិន នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់បើករថយន្ដ ម៉ាក Rang Rover ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2T-1314 ដោយបើកបរតាមបណ្ដោយផ្លូវបឹងកក់ R6 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ក៏បុកម៉ូតូ១គ្រឿង តែរថយន្ដបង្កមិនបានឈប់ដោះស្រាយនោះទេ ក៏បានរត់គេចទៅផ្លូវលេខ៧០ ដោយជិះបញ្ច្រាសស្រាប់តែបុកម៉ូតូ៤គ្រឿងផ្សេងទៀត ហើយអ្នកបើកបរមិនឈប់នោះទេ ដោយគៀបម៉ូតូ១គ្រឿងនៅក្រោមរថយន្ដ រហូតជិតដល់អង់តែនទួលគោក ក៏បុករថយន្ដមួយគ្រឿងទៀត ម៉ាក Luxes RX350 ពាក់ស្លាកលេខភ្នំពេញ 2AJ-4249 បណ្ដាលឲ្យខ្ទេចខាងមុខ។
បើតាមមន្ដ្រីនគរបាល ក្រោយបុករថយន្ដ Luxes ម្ចាស់រថយន្ដបង្កបានបើកទ្វារព្យាយាមរត់គេចខ្លួន តែក៏ត្រូវប្រជាពលដ្ឋដេញចាប់បាន ហើយវាយទាត់ធាក់ម្នាក់មួយដៃមួយជើង បណ្ដោយឲ្យសន្លប់នៅនឹងកន្លែងតែម្ដង ទើបប្រគល់ឲ្យសមត្ថកិច្ចចាប់វាយខ្នោះទាំងរបួស រួចបញ្ជូនទៅមន្ទីរពេទ្យ និងចាត់ការតាមច្បាប់នៅពេលក្រោយ។
សម្រាប់ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឲ្យភ្ញាក់ផ្អើលទាំងព្រឹកនោះ បណ្ដាលឲ្យជនរងគ្រោះម្នាក់ស្លាប់ និង២នាក់ផ្សេងទៀតរងរបួស ខូចខាតម៉ូតូ៤គ្រឿង និងរថយន្ដ១គ្រឿង រួមទាំងរថយន្ដរបស់ជនបង្ក៕