(ភ្នំពេញ)៖ ម្ចាស់ក្រុមហ៊ុនសំណង់ផ្ទះល្វែង «អេសធី» ដែលមានម្ចាស់ឈ្មោះ អ៊ឹង ង៉ាក់សេង បានចាប់ផ្ដើមបើកការដ្ឋានបុកគ្រឹះសាងសង់ផ្ទះល្វែងលក់ នៅខាងកើតបេនឡានក្រុងគីឡូម៉ែត្រលេខ៩ តាមបណ្ដោយផ្លូវលំ ក្នុងក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានធ្វើឲ្យរញ្ជួយ និងប្រេះស្រាំជញ្ជាំងផ្ទះរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ។
ក្រោយមានពាក្យបណ្តឹងរបស់ពលរដ្ឋនៅក្បែរការដ្ឋានសំណង់នោះ លោក ជា ពិសី អភិបាលខណ្ឌ បានចាត់ឲ្យមន្ត្រីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យ ដើម្បីឲ្យធ្វើការសម្របសម្រួល ទាំងការខួង ឫសង្កត់គ្រឹះ កុំឲ្យប៉ះពាល់ដល់ការរស់នៅ និងសំណង់ផ្ទះប្រជាពលរដ្ឋ តែខាងភាគីបុរី អេសធី នៅតែបន្តបង្ខំបុកគ្រឹះសាងសង់ដដែលជាដដែល ដោយគ្មានខ្លាចញញើតច្បាប់ទាល់តែសោះ។
ស្ត្រីម្នាក់ឈ្មោះ គី ម៉ាក់ដែន មានវ័យ៣៥ឆ្នាំ មុខរបរបញ្ចូលហ្គាស់ ស្នាក់នៅជាប់ទីតាំងការដ្ឋានសំណង់ ដែលរងគ្រោះដោយសារតែការបុកគ្រឹះសាងសង់ផ្ទះល្វែងរបស់បុរី អេសធី ក្នុងចំណោមប្រជាពលរដ្ឋរងគ្រោះជាច្រើនគ្រួសារទៀត បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា គាត់គ្មានចេតនាឲ្យអាជ្ញាធរដែនដីផ្អាក ឬបិទការដ្ឋានរបស់ក្រុមហ៊ុន អេសធី នោះទេ តែសំណូមម៉្យាងចង់បានឲ្យខាងក្រុមហ៊ុន បើសិនជាមានច្បាប់សាងសង់ត្រឹមត្រូវពិតមែន មុននឹងបុកគ្រឹះគួរមកសម្របសម្រួលគ្នាសិន ដោយសារលំនៅដ្ឋានពួកគាត់និមួយៗ កំពុងប្រេះស្រាំជញ្ជាំងផ្ទះជាច្រើនកន្លែងបណ្ដើរៗហើយ ដោយគ្មាននរណាចេញមុខមកទទួលខុសត្រូវទេ។
អ្នកស្រីបន្តថា បើទោះបីជាមានមន្ត្រីមកពីភូមិ-សង្កាត់ និងខណ្ឌ ក្រោមការបញ្ជាពីលោក ជា ពិសី អភិបាលខណ្ឌ បានចុះមកណែនាំ និងជូនដំណឹងឲ្យខាងភាគីបុរី ធ្វើយ៉ាងណា កុំឲ្យប៉ះពាល់ដល់ការរស់នៅ និងសំណង់ផ្ទះប្រជាពលរដ្ឋ តែខាងភាគីបុរី អេសធី នៅតែបន្តបង្ខំបុកគ្រឹះសាងសង់ដដែលជាដដែល ដោយគ្មានខ្លាចញញើតច្បាប់ទាល់តែសោះ។
ជាមួយគ្នានោះដែរលោក ចាន់ ធា ជាបុគ្គលិកផ្នែកលក់ តំណាងអគ្គនាយកក្រុមបុរី អេសធី បានឲ្យដឹងយ៉ាងខ្លីផងដែរថា សម្រាប់ការដ្ឋាននៅតែបន្តបុកគ្រឹះសាងសង់ បើពេលបុកគ្រឹះ ធ្វើឲ្យប៉ះពាល់លំនៅដ្ឋាន អាចរញ្ជួយ ឬប្រេះស្រាំជញ្ជាំងផ្ទះប្រជាពលរដ្ឋ នោះខាងបុរីនឹងចេញមុខមកទទួលខុសត្រូវ រាល់ការខូចខាតមិនខានឡើយ។
បើទោះជាយ៉ាងនេះក្ដី ប្រជាពលរដ្ឋរងគ្រោះជាច្រើនគ្រួសារ ដោយសារតែការបុកគ្រឹះសាងសង់ផ្ទះល្វែងរបស់ក្រុមហ៊ុន អេសធី ធ្វើឲ្យប្រេះស្រាំជញ្ជាំងផ្ទះពួកគាត់ សំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធ មេត្តាជួយផ្ដល់កិច្ចអន្តរាគមន៍ផង ពីព្រោះមានការព្រួយបារម្ភណ៍ ពេលដែលកំពុងសម្រាកពេលថ្ងៃ ខណៈគេបុកគ្រឹះធ្វើឲ្យរញ្ជួយធ្លាក់ទាំងដុំឥតពីលើ បណ្ដាលឲ្យប្រះស្រាំផ្ទះជាច្រើនកន្លែង ជាពិសេស ពេលពួកគាត់ទៅប្រាប់ម្ចាស់ការដ្ឋាន ឬជាងសំណង់ បែរជាឆ្លើយតបយ៉ាងសោះអង្គើយមកថា បើខូចខាតបាក់ត្រង់ចំណុចណា គេនឹងចេញសងទៅវិញ៕