(ភ្នំពេញ)៖ មន្ត្រីកាំកុងត្រូលបានរកឃើញថា ដេប៉ូប្រេងឥន្ធនៈឈ្មោះ TELA «KTK ជ្រោយអំពិល» នៅតែបន្តរឹងរូសលក់ប្រេងមិនគ្រប់ចំណុះតាមកុងទ័រ និងយកប្រេងធម្មតាបន្លំធ្វើជាប្រេងស៊ុបពែរ មិនព្រមកែប្រែតាមការណែនាំរបស់មន្ត្រីកាំកុងត្រូលនោះឡើយ។ បន្ទាប់ពី បានពិនិត្យឃើញដូច្នេះ មន្ត្រីកាំកុងត្រូលបានធ្វើរបាយការណ៍ដាក់ជូនថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ដើម្បីឈានទៅអនុវត្តន៍ច្បាប់បិទដេប៉ូ មួយនេះចោលតែម្តង។
លោក គឿន ភិរុណ អនុប្រធាននាយកដ្ឋានកិច្ចការការពារអ្នកប្រើប្រាស់ និងបង្កា្របការកែ្លងបន្លំ នៃអគ្គនាយកដ្ឋានកាំកុងត្រូលក្រសួងពាណិជ្ជកម្មតាមរយៈរថយន្តមន្ទីរពិសោធន៍ប្រេងឥន្ធនៈចល័តនៅថៃ្ងទី ២៣ ខែ កុម្ភៈ ឆ្នាំ២០១៨ បានចុះត្រួតពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធនៈនៅតាមស្ថានីយ និងដេប៉ូមួយចំនួនដែលធ្លាប់ធើ្វកិច្ចសន្យាក្នុងការត្រួតពិនិត្យដំបូងរួចមកហើយជាមួយអគ្គនាយកដ្ឋានដែលមានទីតាំងនៅលើផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងគោលបំណងតាមដានរកភាពអនុលោមទោតាមការកែតម្រូវឱ្យសមស្របតាមបទដ្ឋាន និងផ្លូវច្បាប់។
លោក ភិរុណ បានបញ្ជាក់ថា ការត្រួតពិនិត្យគុណភាព និងបរិមាណនេះគឺផ្អែកទៅលើ ឧបករណ៍ត្រួតពិនិត្យនៅនឹងកន្លែង ដូចជាធុងក្រឹតមានមាឌជាក់លាក់សម្រាប់វាស់បរិមាណប្រេងដែលបាញ់ចេញពីកុងទ័រ តាមទំហំផ្សេងខុសគ្នាមានចំណុះ ៥លីត្រ ១០លីត្រ និង ២០លីត្រ។ ចំណែកសន្ទស្សន៍អុកតាន និងសេតានវិញ គឺប្រើឧបករណ៍ក្នុងរថយន្តមន្ទីពិសោធន៍ចល័ត។
ជាលទ្ធផលនៃការត្រួតពិនិត្យគុណភាព និងបរិមាណប្រេងឥន្ធនៈរបស់ស្ថានីយ និងដេប៉ូដែលធ្លាប់មានបញ្ហាកង្វះរង្វាស់រង្វាល់ និងបន្លំគុណភាពប្រេងឥន្ធនៈទាំង ០៤កន្លែង ឃើញថា មាន ០៣ កន្លែងបានកែតម្រូវត្រឹមត្រូវតាមអនុលោមភាព។ ចំណែកឯ ០១កន្លែងទៀតមានភាពរឹងរុសមិនព្រមកែតម្រូវនោះឡើយ គឺដេប៉ូ TELA (KTK ជ្រោយអំពិល) ដែលមានទីតាំងនៅលើផ្លូវជាតិលេខ១ សង្កាត់ជ្រោយអំពិល ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានតំណាងដេប៉ូឈ្មោះ ផន សុភា។
លោក គឿន ភិរុណ បានអះអាងថា ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈ បានរៀបចំជារបាយការណ៍ដាក់ជូនថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មដើម្បីពិចារណា ចំពោះម្ចាស់ស្ថានីយដេប៉ូ ដែលមិនព្រមកែតម្រូវអំពីការព្យួរអាជ្ញាប័ណ្ណធើ្វអាជីវកម្មប្រចាំឆ្នាំ បញ្ឈប់ការអាជីវកម្មតែម្តង។
លោក បានបញ្ជាក់ថែមទៀតថា ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈ របស់អគ្គនាយកដ្ឋានកាំកុងត្រូល នឹងបន្តធើ្វការត្រួតពិនិត្យឲ្យបានគ្រប់ស្ថានីយទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយក៏បានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ចូលរួមសហការជាមួយក្រុមការងារចុះត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានកាំកុងត្រូលទៅតាមផ្លូវច្បាប់ ។
អនុប្រធាននាយកដ្ឋានរូបនេះ បានអំពាវនាវដល់អ្នកប្រើប្រាស់យានជំនិះទាំងអស់ ត្រូវពិចារណាជាមុនក្នុងការជ្រើសរើសស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ពោលត្រូវជ្រើសរើសក្រុមហ៊ុនទុកចិត្ត ប្រើប្រាស់ឧបករណ៍ថ្មី លក់ប្រេងសាំងធម្មតា ឬស៊ុបពែរ និងម៉ាស៊ូតដែលមានគុណភាពល្អ ហើយគ្រប់ចំនួនលីត្រ។
លើសពីនេះទៀត ត្រូវពិនិត្យមើលលេខកុងទ័រនៅពីចំណុចសូន្យជានិច្ចមុនពេលចាក់ តាមដានដំណើរការនៃលេខកុងទ័រដែលត្រូវចាប់ផ្កើមជាមួយគ្នានឹងម៉ាស៊ីនបាញ់ប្រេងរហូតដល់ចំនួនលីត្រចុងក្រោយ ដែលបានស្នើតាមដានសេចក្តីជូនដំណឹងពីតម្លៃប្រេងឥន្ធនៈរបស់ក្រសួងពាណិជ្ជកម្ម និងត្រូវប្រុងប្រយ័ត្នសុវត្ថិភាពផ្នែកអគ្គីភ័យ ដោយពន្លត់ម៉ាស៊ីនយានជំនិះពេលចាក់បំពេញប្រេងក្នុងស្ថានីយ និងសូមផ្តល់ព័ត៌មានមកមន្រ្តីជំនាញកាំកុងត្រូលប្រចាំរាជធានី ខេត្ត ឬមកអគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងករណីដែលបាតុភាពជាយថាហេតុណាមួយ៕