(ភ្នំពេញ)៖ តារាចម្រៀងបែបយុវវ័យ លោក អាន គុណកូឡា ក្រោយបញ្ចប់កិច្ចសន្យា ជាមួយនឹងផលិតកម្ម សាន់ដេ ត្រូវបានគេដឹងថា លោកបានវិលត្រឡប់ ទៅរកផលិតកម្មអឹម (M) ដែលជាទ្រនំចាស់របស់ខ្លួនវិញហើយ ដោយខាងផលិតកម្មចាស់ បានផ្ដល់ឱកាសជាថ្មី ដល់អតីតតារាចម្រៀងចាស់ៗឡើងវិញ រួមទាំងលោក អាន គុណកូឡាផងដែរ។
ប្រភព័ត៌មានច្បាស់ការណ៍ទម្លាយចេញឲ្យដឹងបន្តទៀតថា ខាងផលិតកម្ម អឹម (M) ចាត់ទុកតារាចម្រៀង លោក អាន គុណកូឡា ជាអ្នកចម្រៀងដែលពោរពេញ ទៅដោយសមត្ថភាព និងទេព្យកោសល្យល្អម្នាក់ដដែល ហើយផលិតកម្មក៏ងាយស្រួល ក្នុងការធ្វើឲ្យតារាចម្រៀងរូបនេះ មានភាពល្បីល្បាញ នៅគ្រប់ស្រទាប់យុវវ័យ និងមហាជន ដែលតែងតែនិយមគាំទ្រលោក ផងដែរ។
ជុំវិញរឿងរ៉ាវបង្ហើបឲ្យដឹងបែបនេះ សម្រាប់តារាចម្រៀង លោក អាន គុណកូឡា ផ្ទាល់ក៏ចង់បង្ហាញថា ការចាកចេញពីផលិតកម្មមួយ ទៅផលិតកម្មមួយទៀត វាមិនមែនជាជម្រើសល្អទេ ព្រោះវានឹងអាចប៉ះពាល់ ដល់ប្រជាប្រិយភាពរបស់ខ្លួន។ ប៉ុន្តែការវិលត្រឡប់មកក្នុងផលិតកម្មចាស់វិញ គឺធ្វើឲ្យលោកមានភាពកក់ក្ដៅ និងរំពឹងខ្ពស់ទៅលើភាពជោគជ័យ ជាពិសេសការប្រែប្រមូល អ្នកគាំទ្រមកវិញ។
ទន្ទឹមនឹងពេលដែល លោក អាន គុណកូឡា បានត្រឡប់មកមកផលិតកម្ម អឹម (M) វិញ ស្រាប់ផលិតកម្មបានផ្ដល់នូវបទចម្រៀង Original Song ជាច្រើនសម្រាប់លោករួចទៅហើយ ក្នុងនោះមានដូចជាបទ «សុំឱបមុនបែក» (កូឡា-យ៉ដា), បទ «ហត់» (កូឡា) និងបទ «ខ្លាចពេលយប់» (កូឡា)។ ជាពិសេសទៀតនោះ គឺថែមទាំងបានចាប់ដៃគូ ជាមួយនឹងតារាស្រីស្រស់ស្អាតមួយរូប គឺកញ្ញា យ៉ាដា បង្កើតបទចម្រៀងសរួមគ្នា ហើយក៏សង្ឃឹមថា នឹងមានការគាំទ្រនូវបទចម្រៀងលោកឡើងវិញ ដូចពីអតីតកាល៕