(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងសរុបចំនួន ១,១៣១,៥៤៧ដុល្លារអាមេរិក បន្ថែមទៀតដល់អង្គភាពចំនួនពីរ ក្រោមគម្រោងការនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ជប៉ុន និងជំនួយឧបត្ថម្ភឥតសំណង សម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។
ពិធីចុះហត្ថលេខា សម្រាប់ការផ្តល់ជំនួយឥតសំណងនេះ បានធ្វើឡើងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅស្ថានទូតជប៉ុន ក្នុងនោះភាគីជប៉ុន តំណាងដោយលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងភាគីកម្ពុជា តំណាងដោយ២ស្ថាប័ន។
ជំនួយឥតសំណងទាំងនេះ នឹងគាំទ្រដល់គម្រាងចំនួន២កម្ពុជា ក្នុងនោះរួមមាន៖
ទី១៖ គម្រោងសម្រាប់ផ្ទេរបច្ចេកទេសមេកានិច គ្រប់ជ្រុងជ្រោយក្នុងការសំអាតមីន ក្នុងខេត្តកំពង់ធំ (ឆ្នាំទី១) នូវទឹកប្រាក់៦៧៦,០១៩ដុល្លារអាមេរិក។ អង្គភាពទទួលជំនួយ គឺអង្គការសកម្មភាពកម្ចាត់មីនជប៉ុន (JMAS)។
លោក Shi bata Mikio ប្រធានតំណាងអង្គការ JMAS បានថ្លែងថា គម្រោងនេះ អង្គការនឹងធ្វើការអភិវឌ្ឍន៍ លើបច្ចេកទេសមេកានិច ក្នុងការសំអាតមីនដោយប្រើម៉ាស៊ីនដោះមីន និងម៉ាស៊ីនដោះគ្រាប់បែកចង្កោម នៅក្នុងតំបន់ដែលសម្បូរទៅដោយគ្រាប់មីន និងគ្រាប់បែកចង្កោមនៅលាយឡំគ្នា។ អង្គការនឹងផ្ទេរកម្មវិធីសាស្ត្របោសសម្អាតមីន ដែលមានប្រសិទ្ធភាពទៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ក្នុងគោលបំណងពង្រឹងសមត្ថភាព និងពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់ CMAC ដើម្បីធ្វើឲ្យប្រទេសជាតិមានសុវត្ថិភាព។
ទី២៖ គម្រោងសម្រាប់កែលម្អសុខភាពមាតា និងទារក ក្នុងខេត្តតាកែវ (ឆ្នាំទី២) នូវទឹកប្រាក់ ៤៥៥,៥២៨ដុល្លារអាមេរិក អង្គភាពទទួលជំនួយ World Vision Japan។
លោកវេជ្ជបណ្ឌិត លៀម គ្រាន អនុប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានថ្លែងថា គម្រោងនេះ អង្គការនឹងបណ្តុះបណ្តាលដល់បុគ្គលិក និងអ្នកស្ម័គ្រចិត្តសុខាភិបាល និងផ្តល់ការអប់រំ ផ្នែកសុខភាពដល់មាតា នៅក្នុងស្រុកគិរីវង់ និងស្រុកប្រតិបត្តិកោះអណ្តែត ខេត្តតាកែវ ក្នុងគោលបំណងលើកកម្ពស់គុណភាព និងទទួលបានសេវាសុខភាព ឲ្យកាន់តែប្រសើរ និងកាត់បន្ថយអត្រាកុមារ ខ្វះអាហាររូបត្ថម្ភ និងជំងឺនានាដែលឆ្លងតាមទឹកមិនស្អាត។ មិនតែប៉ុណ្ណោះគម្រោងនេះ ក៏រួមបញ្ចូលផងដែរ នូវការសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងបរិក្ខាអនាម័យ នៅមណ្ឌលសុខភាពក្នុង ស្រុកប្រតិបត្តិចំនួនពីរ ដើម្បីកែលម្អបរិស្ថានសុខាភិបាល។
សូមបញ្ជាក់ថា កម្មវិធីផ្តល់ជំនួយឥតសំណង សម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅកម្ពុជា តាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រសកម្មភាពក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជា ឡើងវិញនៅតាមកម្រិតមូលដ្ឋាន។
ចាប់តាំងពីឆ្នាំ២០០២ មករដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយជាថវិកាជាង៣១លានដុល្លារអាមេរិក ដល់គម្រោងចំនួន១០៧ ដែលផ្តោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតមូលដ្ឋាន វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពកំចាត់មីន។ សម្រាប់គម្រោងនេះ គឺជាគម្រោងទី៧ និងទី៨ ដែលបានផ្តល់ជំនួយតាមរយៈគ្រោងការណ៍ នៃជំនួយនៅកម្ពុជា សម្រាប់ឆ្នាំសារពើពន្ធឆ្នាំ២០១៧ របស់ជប៉ុន៕