Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលអន្ដោប្រវេសន៍ បន្ដឃាត់ខ្លួនជនជាតិវៀតណាម១៩នាក់ ដែលចូលស្នាក់នៅ និងធ្វើការដោយខុសច្បាប់ នៅខណ្ឌឬស្សីកែវ និងខណ្ឌដូនពេញ

23-02-2018 12:32

(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី២៣ ខែកុម្ភៈ​ ឆ្នាំ២០១៨នេះ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចុះត្រួតពិនិត្យគោលដៅ សិប្បកម្មដែកស្មិត ផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះ២, ហាងកាហ្វេង៉ុកងីង, ហាងកាហ្វេធីថាន់ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ និងតាមផ្លូវ៨០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យ Fresh News ដឹងថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើង ក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ប្រធាននាយកដ្ឋានរូបនេះ បញ្ជាក់ថា ​បានពិនិត្យឃើញមានមនុស្ស១៩​នាក់ ស្រី១០ ជាជនជាតិវៀតណាម បានលួចចូលមកស្នាក់នៅ និងប្រមុខរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន។

បើតាមលោកឧត្តមសេនីយ៍ អ៊ុក ហៃសីឡា ក្រោយឃាត់ខ្លួនជនជាតិវៀតណាមទាំង១៩នាក់នេះ ត្រូវបានបញ្ជូនទៅ​កាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់បន្ត៕