(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្ដរជាតិលោក ជុំ សន្ទរី បានចេញមកបញ្ជាក់បន្ថែមថា តាមពិតទៅរដ្ឋាភិបាលអាល្លឺម៉ង់ បានផ្អាកផ្ដល់ទិដ្ឋាការពិសេស សម្រាប់ដំណើរកំសាន្ដឯកជន ដល់សមាជិករដ្ឋាភិបាលកម្ពុជា ប៉ុន្ដែសម្រាប់ការផ្ដល់ទិដ្ឋាការធម្មតាដូចអ្នកទេសចរ និងពលរដ្ឋទូទៅ គឺដំណើរការធម្មតា ពុំមានបញ្ហាអ្វីចោទឡើងនោះឡើយ។
ថ្លែងប្រាប់មកកាន់បណ្ដាញសារព័ត៌មាន Fresh News នៅវេលាថ្ងៃត្រង់ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា អាល្លឺម៉ង់បានផ្អាកទិដ្ឋាការពិសេស ដល់សមាជិករដ្ឋាភិបាល មានន័យថា នៅពេលសមាជិករដ្ឋាភិបាលរបស់កម្ពុជាស្នើសុំ Visa នោះគឺមានលក្ខណៈពិសេស ដោយធ្វើភ្លាមបានភ្លាម ឬធ្វើតែមួយថ្ងៃបានតែម្ដង ប៉ុន្ដែនៅពេលនេះអាល្លឺម៉ង់ បានទម្លាក់មកត្រឹមការផ្ដល់ទិដ្ឋាការដូចជនសាមញ្ញទូទៅ ពោលបើស្នើសុំរយៈពេល១៥ថ្ងៃឡើងទៅ ទើបទទួលបាន។
ចំពោះវិធានការថ្មីរបស់រដ្ឋាភិបាលអាល្លឺម៉ង់ខាងលើនេះ ក្រសួងការបរទេសកម្ពុជា បានសម្តែងការសោកស្តាយជាខ្លាំងចំពោះការសម្រេចចិត្តឯកតោភាគី របស់រដ្ឋាភិបាលអាល្លឺម៉ង់ ហើយចាត់ទុកការសម្រេចនេះ ធ្វើឲ្យប៉ះពាល់ទំនាក់ទំនងប្រទេសទាំងពីរ ដែលខំរក្សា និងពង្រីកនាពេលកន្លងមក។
ក្រសួងការបរទេសកម្ពុជា បានហៅការសម្រេចនេះថា ជាការសម្រេចមិនបានពិចារណាពីតថភាពនយោបាយ និងជាការមើលស្រាលឯករាជ្យភាពនៃប្រព័ន្ធច្បាប់ និងតុលាការកម្ពុជា។ ក្រសួងបានបញ្ជាក់បែបនេះ «ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានការសោកស្តាយដោយការប្រកាន់យកវិធានការណ៍បែបនេះ មិនបានពិចារណាពីតថភាពនយោបាយ និងជាការមើលស្រាលទាំងស្រុងដល់ឯករាជ្យភាព នៃប្រព័ន្ធច្បាប់ និងតុលាការរបស់កម្ពុជា»។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចាត់ទុកសកម្មភាពឯកតោភាគីនេះ មានមូលហេតុនយោបាយ និងមានភាពលំអៀងមិនប្រកបដោយគតិច្បាប់ ហើយដែលផ្ទុយនឹងការខិតខំប្រឹងប្រែងបច្ចុប្បន្នរបស់ប្រទេសទាំងពីរ នៅក្នុងការអភិវឌ្ឍទំនាក់ទំនងយូរអង្វែង និងកិច្ចសហប្រតិបត្តិការទេ្វភាគី។
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ចាត់ទុកប្រតិកម្មរបស់អាល្លឺម៉ង់ ចំពោះការវិវត្តផ្នែកនយោបាយថ្មីៗ នៅកម្ពុជា គ្មានភាពស្មោះត្រង់ និងមានស្តង់ដារពីរ បើពិនិត្យទៅលើប្រព្រឹត្តិកម្មខុសគ្នា របស់អាល្លឺម៉ង់ ចំពោះប្រទេសផ្សេងៗពាក់ព័ន្ធនឹងបញ្ហាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធមនុស្ស។
ទោះបីជាមានការសម្រេចចិត្តបែបនេះក៏ដោយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បញ្ជាក់ជាថ្មីម្តងទៀត ពីការតាំងចិត្តឥតងាករេរបស់កម្ពុជា ក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដោយអនុលោមតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា ក្នុងការពង្រឹងនីតិរដ្ឋ និងរៀបចំការបោះឆ្នោតសភា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ដោយសេរី យុត្តិធម៌ និងមានរបៀបរៀបរយ៕