(បន្ទាយមានជ័យ)៖ ក្រោយបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភា ដែលបានប្រព្រឹត្តទៅអស់រយៈពេល១៤ថ្ងៃ (១០-២៣ កុម្ភៈ) រួចមក នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន សមាជិកអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ខេត្តបន្ទាយមានជ័យ និងលោកស្រី ម៉ៅ ម៉ាល័យ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនទូទាំងខេត្តបន្ទាយមានជ័យ ប្រកាសបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅក្រុងសិរីសោភ័ណ។
ពិធីប្រកាសបិទយុទ្ធនាការនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារគណបក្សប្រជាជនកម្ពុជាពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងមូលដ្ឋានចូលរួមសរុបចំនួន២,៦០០នាក់។
ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានមានមតិសំណេះសំណាល និងធ្វើការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែល មានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស, សម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយស, សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស និងសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្ស។
លោក កែ គឹមយ៉ាន បានថ្លែងបន្តទៅកាន់អ្នកចូលរួមទាំងអស់ថា ការរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើរតាមបន្ទាត់នយោបាយដ៏ត្រឹមត្រូវ ច្បាស់លាស់ រឹងមាំ របស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាដែលមាន សម្តេចតេជោហ៊ុន សែន ជាប្រមុខដឹកនាំ គឺជាយាននាំទាំងអស់គ្នា ឆ្ពោះដំណើរទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិទាំងមូល ជីវភាពប្រជាពលរដ្ឋនឹងបន្តកើនឡើងសម្បូរសប្បាយទាំងអស់គ្នា។
សូមបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ បានប្រព្រឹត្តទៅរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១០-២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ហើយការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ខាងស្អែកនេះ៕