(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើសារលិខិតជូនជនរួមជាតិ នាឱកាសពិធីបុណ្យទន្លេលើកទី៤ ថ្ងៃទី០៩-១១ ខែមីនា ឆ្នាំ២០១៨ នៅខេត្តកណ្ដាល ក្រោមប្រធានបទ «ទន្លេនៃសន្ដិភាព មិត្តភាព និងនិរន្ដរភាពទេសចរណ៍»។
សារលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បងប្អូនជនជាតិរួមទាំងអស់ វិស័យឯកជន សហគ្រាសធុនតូច និងមធ្យម ចូលរួមឲ្យបានផុសផុលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឲ្យពិធីបុណ្យទន្លេលើកទី៤ ឆ្នាំនេះ និងពិធីបុណ្យទន្លេជាបន្ដបន្ទាប់ ប្រព្រឹត្ដទៅប្រកបដោយភាពជោគជ័យ។
បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏អំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ ទេសចរជាតិ និងអន្ដរជាតិ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋចូលរួមសកម្មភាព ចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» និងសហការថែរក្សាសោភ័ណភាព ភាពស្អាត អនាម័យ បរិស្ថានល្អ ដែលជាកត្ដាចម្បងមិនអាចខ្វះបាន ក្នុងការថែរក្សាសោភ័ណភាពខេត្ត-ក្រុង តាមដងទន្លេឲ្យស្រស់ស្អាតគង់វង្សយូរអង្វែង ដើម្បីបន្ដទុកជាមរតក ដល់កូនចៅជំនាន់ក្រោយ។
សូមអានខ្លឹមសារលម្អិត នៃសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមាននៅខាងក្រោមនេះ៖