(ភ្នំពេញ)៖ ក្រសួងការបរទេសកម្ពុជា បានសម្តែងការសោកស្តាយជាខ្លាំង ចំពោះការសម្រេចចិត្តឯកតោភាគី របស់រដ្ឋាភិបាលអាល្លឺម៉ង់ ក្នុងការផ្អាកផ្តល់ទិដ្ឋាការដល់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ហេីយចាត់ទុកការសម្រេចនេះធ្វេីឲ្យប៉ះពាល់ទំនាក់ទំនងប្រទេសទាំងពីរ ដែលខំរក្សា និងពង្រីកនាពេលកន្លងមក។
ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់នៅថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៨នេះថា ស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជា បានជូនព័ត៌មាននៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីការផ្អាកផ្តល់ទិដ្ឋាការតាមលក្ខខណ្ឌពិសេស ចំពោះមន្រ្តីជាន់ខ្ពស់កម្ពុជា។ ជាមួយគ្នានេះ ស្ថានទូតបានបញ្ជាក់ថា ការផ្អាកបែបនេះ មិនមានលក្ខណៈដូចការដាក់កម្រិតទិដ្ឋាការទូទៅនោះទេ។
ក្រសួងការបរទេសកម្ពុជាបានហៅការសម្រេចនេះ ថាជាការសម្រេចមិនបានពិចារណាពីតថភាពនយោបាយ និងជាការមេីលស្រាលឯករាជ្យភាពនៃប្រព័ន្ធច្បាប់ និងតុលាការកម្ពុជា។ ក្រសួងបានបញ្ជាក់បែបនេះ «ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានការសោកស្តាយដោយការប្រកាន់យកវិធានការណ៍បែបនេះ មិនបានពិចារណាពីតថភាពនយោបាយ និងជាការមើលស្រាលទាំងស្រុងដល់ឯករាជ្យភាព នៃប្រព័ន្ធច្បាប់ និងតុលាការរបស់កម្ពុជា»។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចាត់ទុកសកម្មភាពឯកតោភាគីនេះ មានមូលហេតុនយោបាយ និងមានភាពលំអៀងមិនប្រកបដោយគតិច្បាប់ ហើយដែលផ្ទុយនឹងការខិតខំប្រឹងប្រែងបច្ចុប្បន្នរបស់ប្រទេសទាំងពីរ នៅក្នុងការអភិវឌ្ឍទំនាក់ទំនងយូរអង្វែង និងកិច្ចសហប្រតិបត្តិការទេ្វភាគី។
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ចាត់ទុកប្រតិកម្មរបស់អាល្លឺម៉ង់ ចំពោះការវិវត្តផ្នែកនយោបាយថ្មីៗ នៅកម្ពុជា គ្មានភាពស្មោះត្រង់ និងមានស្តង់ដារពីរ បើពិនិត្យទៅលើប្រព្រឹត្តិកម្មខុសគ្នា របស់អាល្លឺម៉ង់ ចំពោះប្រទេសផ្សេងៗពាក់ព័ន្ធនឹងបញ្ហាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធមនុស្ស។
ទោះបីជាមានការសម្រេចចិត្តបែបនេះក៏ដោយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បញ្ជាក់ជាថ្មីម្តងទៀត ពីការតាំងចិត្តឥតងាករេរបស់កម្ពុជា ក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដោយអនុលោមតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា ក្នុងការពង្រឹងនីតិរដ្ឋ និងរៀបចំការបោះឆ្នោតសភា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ដោយសេរី យុត្តិធម៌ និងមានរបៀបរៀបរយ៕