(សៀមរាប)៖ បន្ទាប់ពីដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ អស់រយៈពេល១៤ថ្ងៃកន្លងមក នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា ទៀ បាញ់ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះជួយខេត្តសៀមរាប បានអញ្ជើញដឹកនាំបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា ពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតនាថ្ងៃនេះ បានបង្ហាញថា កម្ពុជាបាននិងកំពុងការពារបានយ៉ាងរឹងមាំ រាល់សមិទ្ធផលនៃសង្គមជាតិ ការពារឯករាជ្យជាតិ និងអធិបតេយ្យជាតិ ការពារឆន្ទៈ និងផលប្រយោជន៍ប្រជាជនបានយ៉ាងរឹងមាំ ដែលប្រការនេះ បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមានសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម បានលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដ៏ត្រឹមត្រូវនៅកម្ពុជា។
សម្តេចពិជ័យសេនា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក លោកស្រី សមាជិកព្រឹទ្ធសភា រដ្ឋសភាមណ្ឌលសៀមរាប គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការបក្សខេត្ត ព្រមទាំងគណបក្សគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានសហការសម្របសម្រួល រៀបចំយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នាពេលកន្លងមក និងអរគុណចំពោះលោក លោកស្រី សមាជិកក្រុមការងារចុះជួយមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានសហការយ៉ាងជិតស្និទ ជាមួយគណៈកម្មាធិការបក្សនៅថ្នាក់ស្រុក ក្រុង ឃុំ សង្កាត់ ព្រមទាំងសមាជិកអង្គបោះឆ្នោតទាំងអស់ ដែលបានរួមគ្នាដំណើរការ យុទ្ធនាការបោះឆ្នោត សម្រេចជោគជ័យ ចាប់តាំងពីថ្ងៃដំបូង រហូតមកដល់ថ្ងៃនេះ។
សម្តេចបានបញ្ជាក់បន្ថែមថា នៅក្នុងរយៈពេលយុទ្ធនាការឃោសនាបោះឆ្នោតនាពេលកន្លងមក គណៈកម្មាធិការបក្សស្រុក ក្រុងទាំង១២ សុទ្ធតែបានធ្វើការផ្សព្វផ្សាយ នូវកម្មវិធីនយោបាយ និងផែនទីចង្អុលផ្លូវច្បាស់លាស់របស់គណបក្សប្រជាជនកម្ពុជា និងសមិទ្ធផលសំខាន់ៗ ដែលរាជរដ្ឋាភិបាលសម្រេច បានលើគ្រប់វិស័យនាពេលកន្លងមក។
បើតាមសម្ដេច ទៀ បាញ់ ទោះបីរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានខិតខំធ្វើការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានភាពរីកចម្រើនលើគ្រប់វិស័យ និងធ្វើឲ្យប្រទេសកម្ពុជា ស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិយ៉ាងណាក៏ដោយ ប៉ុន្តែក្រុមប្រឆាំងនៅក្រៅប្រទេស នៅតែមានមហិច្ចតាបន្តឃុបឃិតជាមួយបរទេស ចង់ផ្តួលរំលំអំណាចពីរាជរដ្ឋាភិបាលស្របច្បាប់ តាមគ្រប់រូបភាព។ ជាក់ស្តែង ដើម្បីសម្រេចបាននូវមហិច្ចតា ឆ្ពោះទៅដណ្តើមអំណាចពីរាជរដ្ឋាភិបាលស្របច្បាប់ នៅខាងក្រៅប្រទេស ក្រុមប្រឆាំងក្រៅច្បាប់នៅតែបន្តធ្វើសេចក្តីថ្លែងការណ៍ ដែលមានចារិកជាការប្រឌិតរឿង ការញុះញង់ និងការបំផ្លើសដោយចោទរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាលើបញ្ហាផ្សេងៗ ផ្ទុយពីការពិត។ នាពេលថ្មីៗនេះ ក្រុមប្រឆាំងក្រៅច្បាប់ បានបង្កើតចលនាសង្គ្រោះជាតិមួយ ដែលកម្ពុជាបានចាត់ទុកថា ជាអង្គការចាត់តាំងឧទ្ទាមនិយមក្រៅច្បាប់។
ប្រការនេះហើយ ដែលទាំងអស់គ្នាជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ត្រូវការពារសន្តិភាព ឲ្យខាងតែបាន ទោះអស់តម្លៃណាក៏ដោយ ពីព្រោះ សន្តិភាព និងការអភិវឌ្ឍន៍ដែលកើតឡើងនៅលើទឹកដីកម្ពុជានេះ គឺបានមកពីពលិកម្មដ៏ធំធេង មិនអាចកាត់ថ្លៃបានរបស់គណបក្សប្រជាជនកម្ពុជា នៅគ្រប់ដំណាក់កាល។
សម្តេច ទៀ បាញ់ បានណែនាំថា ថ្ងៃស្អែកទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ គឺជាថ្ងៃស្ងប់ស្ងៀម ដូចនេះសមាជិក សមាជិកាអង្គបោះឆ្នោតទាំង៦១៥រូប ត្រូវយកចិត្តទុកដាក់បន្ត គោរពឲ្យបានហ្មត់ចត់នូវច្បាប់បោះឆ្នោត បទបញ្ជានិងនីតិវិធីនៃការបោះឆ្នោតរហូតការបោះឆ្នោតបានបញ្ចប់ជាស្ថាពរ។ នេះជាកិច្ចការដែលសមាជិកអង្គបោះឆ្នោតទាំងអស់ ត្រូវអនុវត្តបន្តពីដំណើរការយុទ្ធនាការឃោសនាបោះឆ្នោត រយៈពេលប៉ុន្មានថ្ងៃកន្លងមក និងបានអំពាវនាវ ដល់សមាជិកអង្គបោះឆ្នោតទាំងអស់ គោរពឲ្យបានហ្មត់ចត់ ហើយកុំធ្វើទង្វើណាដែលអសីលធម៌ ឬហិង្សា និងមិនត្រូវពិសារគ្រឿងស្រវឹង ក្នុងកាលៈទេសៈនៃការបោះឆ្នោត ។
សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ បានប្រព្រឹត្តទៅរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១០-២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ប៉ុន្តែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា នៅអំឡុងពេលនោះ មានតែគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ ដែលបានធ្វើសកម្មភាពឃោសនាបោះឆ្នោត ដោយឡែកគណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សយុវជនកម្ពុជា និងគណបក្សខ្មែររួបរួមជាតិ មិនបានធ្វើសកម្មភាពឃោសនាបោះឆ្នោតឡើយ៕