(ឧត្តរមានជ័យ)៖ ផ្អើលទាំងកណ្តាលយប់ភ័យព្រលឹងសក់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយជនមិនស្គាល់អត្តសញ្ញាណ បានយកគ្រាប់បែកច្នៃ គប់ចូលក្នុងផ្ទះលក់ឥវ៉ាន់ចាបហួយមួយកន្លែង នៅភូមិទួលពង្រ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ បណ្តាលឲ្យផ្ទុះរងរបួសម្ចាស់ផ្ទះម្នាក់ និងខូចខាតទ្រព្យសម្បតិ្តលក់ដូរមួយចំនួន។
លោក ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈនេះថា ករណីនេះកម្លាំងជំនាញ បានចុះទៅកន្លែងកើតហេតុ និងកំពុងស្រាវជ្រាវរកជនល្មើសទាំងយប់ រហូតដល់ព្រឹកនេះ កម្លាំងកំពុងត្រួតពិនិត្យទីតាំងខាងលើ និងស៊ើបអង្កេតរកភស្តុតាងបន្ថែម នៅកន្លែងកើតហេតុ។
លោកស្នងការបន្តថា ជនរងគ្រោះឈ្មោះ ជួន ឈុន អាយុ៤៨ឆ្នាំ របួសត្រូវកំភួនជើងឆ្វេង ភ្លៅខាងឆ្វេង និងថ្ងាស (របួសស្រាល) និងប្ដីឈ្មោះ ឌី ភិច អាយុ៥៥ឆ្នាំ មានកូន២នាក់។ បច្ចុប្បន្នកម្លាំងនគរបាលជំនាញ កំពុងធ្វើការស្រាវជ្រាវ ស៊ើបអង្កេតរកមុខសញ្ញា ដោយសមត្ថកិច្ចអះអាងថា ធ្វើយ៉ាងណាតាមប្រមាញ់ជនដៃឲ្យខាងតែបាន៕