(បាត់ដំបង)៖ ការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ គឺជាប្រធានបទ ដែលគ្រប់បណ្តាអង្គភាព នៃកងយោធពលខេមរភូមិន្ទ នៅទូទាំងយោធភូមិភាគទី៥ កំពុងអនុវត្តជាប្រចាំក្នុងការលើកស្ទួយ កម្ពស់កំរិតជីវភាពរស់នៅរបស់កងទ័ព និងគ្រួសារកងទ័ពឲ្យកាន់តែប្រសើរឡើង។
ជាមួយនឹងការងារនេះ បន្ទាប់ពីអញ្ចើញចុះបំពេញការងារនៅអង្គភាពវរសេនាតូចថ្មើរជើងលេខ៥២៣ កងពលតូចថ្មើរជើងលេខ៥២រួចមក នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក អមដំណើដោយឧត្តមសេនីយ៍ឯក ជា សារ៉ន មេបញ្ជាការរង និងជានាយសេនាធិការកងទ័ពជើងគោក, ឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត ចុះសាកសួរសុខទុក្ខ និងធ្វើទស្សនៈកិច្ចសិក្សាដកពិសោធន៍ការងារកសាងពង្រឹង អង្គភាពរឹងមាំលើគ្រប់វិស័យ និងការងារពង្រឹងផ្ទះបាយសមូហភាពនៅ អង្គភាពវរសេនាតូចថ្មើរជើងលេខ៥៣៣ កងពលតូចថ្មើរជើងលេខ៥៣ ដែលបច្ចុប្បន្នកំពុងឈរជើងបំពេញបេសកម្មការពារជាតិ ការពារបូរណៈភាពទឹកដីនៃកម្ពុជាលើខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ ក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង និងខេត្តប៉ៃលិនបន្តទៀត។
នាយឧត្តមសេនីយ៍ មាស សុភា និងសមាជិកប្រតិភូបានចុះពិនិត្យមើលសកម្មភាព អំពីរបៀបនៃការដាំដុះនូវដំណាំគ្រប់ប្រភេទ និងការចិញ្ចឹមត្រី ជ្រូក គោ មាន់ទា ដែលអង្គភាពវរសេនាតូចថ្មើរជើងលេខ៥៣៣ ធ្វើបានដើម្បីចិញ្ចឹមទ័ពរបស់ខ្លួនឲ្យមានជីវភាពល្អប្រសើរ ព្រមទាំងបានទស្សនានូវសកម្មភាពហ្វឹកហាត់ យុទ្ធវិធីចល័តកម្លាំងចូលគោលដៅការពារទីតាំង ទៅតាមលេនដ្ឋានការពារទីតាំង ពេលមានអាសន្នកើតឡើងជាយថាហេតុ និងបានតាមដានស្តាប់នូវសេចក្តីរាយការណ៍ និងការធ្វើបទបង្ហាញស្តីពីសកម្មភាពការងារ ជាច្រើនរបស់អង្គភាព ដែលបង្ហាញដោយលោកវរសេនីយ៍ឯក សំ វណ្ណ មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥៣៣ កងពលតូចលេខ៥៣ តាមរយៈនៃការបញ្ចាំងស្លាយ ដោយបានលើកឡើងបញ្ជាក់យ៉ាងច្បាស់ពីរបៀបរបប ធ្វើការងារប្រចាំថ្ងៃរបស់អង្គភាពខ្លួន ដោយបានផ្តោតទៅលើការងារគោរពទង់ជាតិ ជារៀងរាល់ពេលព្រឹក និងរបៀបរបបប្រចាំបញ្ជា ដែលជាផ្នែកមួយនៅគ្រប់ស្ថាប័ន ត្រូវតែអនុវត្តឲ្យបានជាប្រចាំ និងការត្រៀមប្រយុទ្ធ១០០ភាគរយផងដែរ។
ក្នុងនោះបទបង្ហាញក៏បានលើកមកបញ្ជាក់ផងដែរ អំពីសកម្មភាព នៃការកសាងអង្គភាព ការកសាងផ្ទះបាយគំរូសម្រាប់អង្គភាព កងអនុសេនាធំនីមួយៗ និងការធានាជីវភាពរស់នៅកងទ័ពបានសមរម្យ តាមរយៈការបំផុសឲ្យនាយពលទាហានចូលរួម ក្នុងចលនាប្រលងប្រណាំង លើការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ដែលជាផ្នែកមួយជួយលើកដំកើងកំរិតជីវភាពរស់នៅ របស់កងទ័ពខ្លួនបានកាន់តែប្រសើរ។
នាយឧត្តមសេនីយ៍ មាស សុភា ជំនួសមុខឲ្យថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការ ថ្នាក់ដឹកនាំកងទ័ពជើងគោគ និងយោធភូមិភាគទី៥ បានសំដែងនូវការលើកសរសើរ និងវាយតំលៃខ្ពស់ចំពោះស្មារតី នៃកិច្ចខិតខំប្រឹងប្រែងបំពេញការងារ ប្រកបដោយកិច្ចសហការយ៉ាងល្អ របស់ថ្នាក់ដឹកនាំយោធភូមិភាគ៥ ពិសេសមេបញ្ជាការ មេបញ្ជាការរង វរសេនាតូចថ្មើរជើងលេខ៥៣៣ កងពលតូចលេខ៥៣ ដែលក្នុងរយៈកាលកន្លងមកនេះ បានពុះពារគ្រប់ការលំបាកក្នុងការកសាងនូវសមិទ្ធផលជាច្រើន សម្រាប់កងឯកភាពខ្លួនរហូតមានការរីកចម្រើន ពិសេសបានយកចិត្តទុកដាក់ ក្នុងការរៀបចំនូវផ្ទះបាយ ដែលប្រកបដោយរបៀបរៀបរយល្អបំផុតក្នុងការផ្គត់ផ្គង់ជីវភាពរស់នៅ ជូនកងទ័ពបានសមរម្យ។
លោក មាស សុភា បានជំរុញនិងផ្តល់ការលើកទឹកចិត្ត ដល់នាយពលទាហានក្នុងអង្គភាពវរសេនាតូចលេខ៥៣៣ ឲ្យបង្កើនការគ្រប់គ្រងកម្លាំង សំភារៈសិក និងគ្រឿងបំពាក់ ដែលមានស្រាប់ឲ្យបានល្អ ក្តាប់ឲ្យជាប់រាល់សភាពការណ៍ ដែលកើតមានឡើងក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ និងរក្សាឲ្យបានល្អ នូវការទំនាក់ទំនងជាមួយកងទ័ព នៃប្រទេសជិតខាង ក្នុងការរក្សាខ្សែបន្ទាត់ព្រំដែនសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើន ពិសេសគោរពអនុវត្តឲ្យបានម៉ឺងម៉ាត់ នូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមពង្រឹងប្រៀបការពារជាតិ ការពារសន្តិសុខសង្គម និងការពារបូរណៈភាពទឹកដីកម្ពុជាឲ្យបានរឹងមាំ។
ជាមួយគ្នានេះដែរ មេបញ្ជាការរូបនេះ បានថ្លែងអំណគុណ ចំពោះអាជ្ញាធរដែនដីខេត្តបាត់ដំបង សប្បុរសជន និងសាម៉ីអង្គភាពសម្ព័ន្ធមេត្រីភាព ដែលរហូតមកតែង បានជួយឧបត្ថម្ភគាំទ្រដល់យុទ្ធជនសមរភូមិមុខ ហើយលោកបានផ្តល់ជូនដល់វរសេនាតូចថ្មើរជើងលេខ៥៣៣ កងពលលេខ៥៣ យោធភូមិភាគទី៥ នូវថវិកាសម្រាប់ចាត់ចែងការងារបន្ត ចំនួន៥លានរៀល និងបានផ្តល់នូវអំណោយ ដល់គ្រួសារកងទ័ពនៅទីនោះចំនួន២៥គ្រួសារ ដែលក្នុង១គ្រួសារៗ ទទួលបានអង្ករ២៣គីឡូក្រាម សារុង១ ថវិកា៥ម៉ឺនរៀល និងជូនយោធិនកំពុងសំរាកព្យាបាលជំងឺ ក្នុងគិលានដ្ឋានក្នុងវរៈចំនួន៦នាក់ ដែលក្នុងម្នាក់ៗថវិកា១០ម៉ឺនរៀលផងដែរ៕