(ភ្នំពេញ)៖ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក ញឹម សុគា ជាជនរងគ្រោះ នៃអំពើបាញ់ប្រហារ ប៉ុនប៉ងសម្លាប់ ដោយជនជាប់ចោទឈ្មោះ ទឹម សៅសុភ័ក្ត្រ តួនាទីជាប្រធានផ្នែកអត្តសញ្ញាណកម្ម នៃអធិការដ្ឋានខណ្ឌព្រែកព្នៅ បានសម្តែងការសោកស្តាយ ដែលតុលាការ មិនបានចេញដីកាចាប់ខ្លួន ជនជាប់ចោទដាក់ពន្ធនាគារ ឲ្យសមនឹងអំពើដែលបានប្រព្រឹត្ត ដោយតុលាការបានសម្រេចផ្ដន្ទាទោស៦ខែ ប៉ុន្ដែព្យួរទោស។
ជនរងគ្រោះក៏បានបញ្ជាក់ដែរថា ខ្លួននឹងឲ្យមេធាវីរៀបចំឯកសារ ដើម្បីធ្វើការប្ដឹងឧទ្ធរណ៍លើសំណុំរឿងនេះ ដើម្បីបន្ដទាមទារនូវយុត្តិធម៌ពីប្រព័ន្ធតុលាការ។
យ៉ាងណាក៏ដោយ មន្រ្តីនគរបាលដែលរងការចោទថា បានបាញ់ប៉ុងប៉ងសម្លាប់ជនរងគ្រោះ បានឆ្លើយបដិសេធ និងអះអាងថា វាជាការរាលកៃកាំភ្លើង មិនមែនជាការបាញ់ប៉ុងប៉ងសម្លាប់ជនរងគ្រោះនោះទេ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ លោក កោ វណ្ឌី ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោសមន្ត្រីនគរបាលខណ្ឌព្រែកព្នៅរូបនេះ។
ជាមួយគ្នានេះ លោកស្រី ស៊ឺ វណ្ណនី ជាតំណាងអយ្យការសវនាការ បានចោទប្រកាន់លើជនជាប់ចោទឈ្មោះ ទឹម សៅសុភ័ក្ត្រ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរប្រធានផ្នែកអត្តសញ្ញាណកម្ម នៃអធិការដ្ឋានខណ្ឌព្រែកព្នៅ ពីបទ «បង្កឱ្យមានរបួសដោយអចេតនា» ដោយបានប្រព្រឹត្តកាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ នៅចំណុចក្បែរប៉ុស្តិ៍នគរបាល សង្កាត់សំរោង ផ្លូវ ១៥១ ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ យោងតាមមាត្រា ២៣៦ នៃក្រមព្រហ្មទណ្ឌ។
តាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា នៅថ្ងៃកើតហេតុខ្លួន ជនរងគ្រោះ បានជិះឡានម៉ាកបាឡែនទៅមើលស្រះត្រី ក្បែរកន្លែងកើតហេតុ។ ក្រោយមក ខ្លួនបានចូលទៅមើលគោ នៅជាប់ប៉ុស្តិ៍រដ្ឋបាល សង្កាត់សំរោងពេលនោះ មានឈ្មោះ រ៉ា ភារុណ ជានគរបាលប៉ុស្តិ៍សសង្កាត់សំរោង បានហៅទៅផឹកនៅក្នុងប៉ុស្តិ៍រដ្ឋបាលសង្កាត់សំរោង។ ពេលខ្លួនចូលទៅផឹកក៏ជួបជនជាប់ចោទ ឈ្មោះ ទឹម សៅសុភ័ក្ត្រ ដែលជាមនុស្សធ្លាប់មានទំនាស់កាលពីមុន ក្នុងងរឿងទិញលក់ត្រី។ ពេលផឹកស៊ីនោះ ក៏មានការទាស់ទែងរវាងជនត្រូវចោទ និងជនរងគ្រោះ រហូតមានការរាលកៃកាំភ្លើងតែម្តង ប៉ុន្តែសម្រាប់ករណីនេះ ត្រូវបានជនរងគ្រោះបានប្តឹងជនរងគ្រោះថា មានបំណងចង់បាញ់គេ។
ក្រោយកើតហេតុជនរងគ្រោះបាន ទៅដាក់ពាក្យបណ្ដឹងនៅ ប៉ុស្តិ៍រដ្ឋបាលសង្កាត់សំរោង ប៉ុន្តែគ្មានដំណោះស្រាយអ្វីសោះ ទើបខ្លួនបានសម្រេចចិត្តដាក់ពាក្យប្តឹង ជនជាប់ចោទ ពីបទ ប៉ុនប៉ងឃាតកម្ម នៅតុលាការនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ដើម្បីឱ្យជួយរកយុត្តិធម៌។
ដោយឡែកលោក លឹម សំអឿន ជាមេធាវីការពារសិទ្ធិឱ្យជនរងគ្រោះ បានសំណូមពរឱ្យតុលាការ ពិចារណា កែប្រែបទ ចោទលើជនជាប់ចោទពីបទ បង្កឱ្យមានរបួសស្នាមដោយអចេតនា ទៅជាបទ «ប៉ុនប៉ងឃាតកម្ម»៕