(ភ្នំពេញ)៖ លោក សៅ សុខា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាចុះជួយ ខេត្តស្វាយរៀង និងប្រធានក្រុមការងារចុះជួយស្រុករមាសហែក នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានដឹកនាំធ្វើពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ មណ្ឌលភូមិភាគ៦ នៅទីស្នាក់ការគណបក្សប្រជាជនស្រុករមាសហែក។
ការបិទយុទ្ធនាការឃោសនានេះ ក៏មានការចូលរួមពី លោក ហ៊ឹម ឆែម អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុករមាសហែក, លោកស្រី ឈុន សារឹម តំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង និងជាអនុប្រធានក្រុមការងារចុះជួយស្រុករមាសហែក ព្រមទាំងមានការចូលរួមលោក លោកស្រី ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ថ្នាក់ស្រុក និងសមាជិក សមាជិកាអង្គបោះឆ្នោត នៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀងជាច្រើនរូបផងដែរ។
សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ បានប្រព្រឹត្តទៅរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១០-២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ប៉ុន្តែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា នៅអំឡុងពេលនោះ មានតែគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ ដែលបានធ្វើសកម្មភាពឃោសនាបោះឆ្នោត ដោយឡែកគណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សយុវជនកម្ពុជា និងគណបក្សខ្មែររួបរួមជាតិ មិនបានធ្វើសកម្មភាពឃោសនាបោះឆ្នោតឡើយ៕