(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្ដទំនើប ម៉ាក Rang Rover បុកម៉ូតូមួយគ្រឿង នៅផ្លូវបឹងកក់ R6 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រួចរត់គេចក៏បន្ដបុកម៉ូតូ៤គ្រឿង និងរថយន្ដមួយគ្រឿងផ្សេងទៀត នៅតាមបណ្ដោយផ្លូវលេខ៧០ ទំបន់ទួលគោក ក្នុងខណ្ឌទួលគោក បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និងរងរបួស២នាក់។
ក្នុងហេតុការណ៍ដែលកើតឡើងនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ អ្នកបើករថយន្ដក៏ត្រូវបានប្រជាពលរដ្ឋដេញចាប់បាន រួចវាយបណ្ដាលឲ្យសន្លប់នៅកន្លែង ទើបប្រគល់ឲ្យសមត្ថកិច្ចវាយខ្នោះទាំងរបួស យកទៅចាប់ការតាមផ្លូវច្បាប់។
មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់បើករថយន្ដ ម៉ាក Rang Rover ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2T-1314 ដោយបើកបរតាមបណ្ដោយផ្លូវបឹងកក់ R6 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ក៏បុកម៉ូតូ១គ្រឿង តែរថយន្ដបង្កមិនបានឈប់ដោះស្រាយនោះទេ ក៏បានរត់គេចទៅផ្លូវលេខ៧០ ដោយជិះបញ្ច្រាសស្រាប់តែបុកម៉ូតូ៤គ្រឿងផ្សេងទៀត ហើយអ្នកបើកបរមិនឈប់នោះទេ ដោយគៀបម៉ូតូ១គ្រឿងនៅក្រោមរថយន្ដ រហូតជិតដល់អង់តែនទួលគោក ក៏បុករថយន្ដមួយគ្រឿងទៀត ម៉ាក Luxes RX350 ពាក់ស្លាកលេខភ្នំពេញ2AJ-4249 បណ្ដាលឲ្យខ្ទេចខាងមុខ។
បើតាមមន្ដ្រីនគរបាល ក្រោយបុករថយន្ដ Luxes ម្ចាស់រថយន្ដបង្កបានបើកទ្វារព្យាយាមរត់គេចខ្លួន តែក៏ត្រូវប្រជាពលដ្ឋដេញចាប់បាន ហើយវាយទាត់ធាក់ម្នាក់មួយដៃមួយជើង បណ្ដោយឲ្យសន្លប់នៅនឹងកន្លែងតែម្ដង ទើបប្រគល់ឲ្យសមត្ថកិច្ចចាប់វាយខ្នោះទាំងរបួស រួចបញ្ជូនទៅមន្ទីរពេទ្យ និងចាត់ការតាមច្បាប់នៅពេលក្រោយ។
សម្រាប់ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឲ្យភ្ញាក់ផ្អើលទាំងព្រឹកនោះ បណ្ដាលឲ្យជនរងគ្រោះម្នាក់ស្លាប់ និង២នាក់ផ្សេងទៀតរងរបួស ខូចខាតម៉ូតូ៤គ្រឿង និងរថយន្ដ២គ្រឿង រួមទាំងរថយន្ដរបស់ជនបង្ក៕