(ភ្នំពេញ)៖ សមាគមពលរដ្ឋខ្មែរទាំង៧ ដែលមានមូលដ្ឋាននៅប្រទេសអូស្រ្តាលី និងណូវ៉ែលហ្សេឡង់ ចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ និងគាំទ្រយ៉ាងក្លៀវក្លាចំពោះវត្តមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅប្រទេសអូស្ត្រាលី ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នាខែមីនាខាងមុខ ហើយលើកឡើងថា វត្តមានរបស់សម្តេចតេជោ ក៏ជាភាពចាំបាច់មិនអាចខ្វះបានសម្រាប់កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងប្រទេសអូស្រ្តាលី។
សមាគមពលរដ្ឋខ្មែរទាំង៧ ដែលមានមូលដ្ឋាននៅប្រទេសអូស្រ្តាលី និងណូវ៉ែលហ្សេឡង់ រួមមាន៖ ទី១៖ សមាគមវប្បធម៌កម្ពុជា រដ្ឋអូស្រ្តាលីខាងត្បូង, ទី២៖ សមាគមខ្មែរ-អូស្រ្តាលី នៃរដ្ឋឃ្វីនស្លែនដ៏ ទី៣៖ សមាគមពលរដ្ឋខ្មែរអូស្រ្តាលី រដ្ឋវិចតូរីយ៉ា, ទី៤៖ សមាគមយុវជនខ្មែរ ទីក្រុងស៊ីដនី, ទី៥៖ សមាគមមិត្តភាពកម្ពុជា និងវប្បធម៌ប្រចាំរដ្ឋអូស្រ្តាលីខាងត្បូង, ទី៦៖ សមាគមយុវជនខ្មែរ រដ្ឋធានីវែល្លីងតុន និងទី៧៖ សមាគមខ្មែរ ហាមិនតុន-ភ្នំពេញ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា៖
«យើងខ្ញុំជាប្រជាពលរដ្ឋនៃ សមាគមពលរដ្ឋខ្មែរទាំង៧ ដែលមានមូលដ្ឋាននៅប្រទេសអូស្រ្តាលី និងណូវ៉ែលហ្សេឡង់ មានសេចក្តីរំភើបរីករាយដោយបានទទួលដំណឹងអំពីវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងនាមជាថ្នាក់ដឹកនាំកំពូលនៃប្រទេសមួយក្នុងចំណោម បណ្តាប្រទេសមួយក្នុងចំណោម បណ្តាប្រទេសក្នុងតំបន់អាស៊ានដឹកនាំគណៈប្រតិភូផផ្លូវការ មកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៧-១៨ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី»។
វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន បង្ហាញឲ្យឃើញអំពីកិត្តិយសជាតិ ភាពស្មើមុខស្មើមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិ និងផ្តល់ផលប្រយោជនខាងផ្នែកសេដ្ឋកិច្ច និងសន្តិសុខជារូបវ័ន្តដល់ប្រទេសអូស្រ្តាលី ក៏ដូចជាបណ្តាប្រទេសនៅក្នុងតំបន់អាស៊ានផងដែរ។
សមាគមពលរដ្ឋខ្មែរទាំង៧ សូមប្រកាសប្រឆាំងដាច់ខាតនូវរាល់ការប៉ុនប៉ងរៀបចំសកម្មភាពណាមួយប្រឆាំង នឹងវត្តមានសម្តេចតេជោ ហ៊ុន សែន នៅក្នុងអំឡុងដំណើរទស្សនៈកិច្ចផ្លូវការនាពេលខាងមុខនេះ ហើយបញ្ជាក់ថា សកម្មភាពប្រឆាំងនេះ គឺកើតឡើងដោយការរៀបចំរបស់ក្រុមមនុស្សមួយក្តាប់តូចតែប៉ុណ្ណោះ៕