(ភ្នំពេញ)៖ តារាចម្រៀងស្រីរូបស្អាតវ័យក្មេង ដែលទស្សនិកជនស្គាល់តាមរយៈបទ «ទ្រនំស្នេហ៍កម្ម» កញ្ញា រ៉ាឌី ក្រោយពីជោគជ័យការងារសិល្បៈ ផ្នែកចម្រៀងមិនទាន់បានប៉ុន្មានផង នៅពេលថ្មីៗនេះ ក៏ស្រាប់តែវិវត្តន៍ខ្លួនក្លាយជា ថៅកែហាងសំលៀកបំពាក់ និងហាងកាត់សក់ ដែលសាម៊ីខ្លួនអះអាងថារំពឹងជោគជ័យមិនចាញ់ ការងារសិល្បៈនោះទេ។
បើទោះជាវ័យក្មេងក៏ពិតមែនតែ តារាស្រីសាច់សរកញ្ញា រ៉ាឌី បានខិតខំស្រវ៉ាយកភាពល្បីល្បាញ តាមរយៈការច្រៀងចម្រៀង Original Song ជាហូរហែរ ដែលធ្វើឲ្យទស្សនិកជនស្គាល់នាងមិនតិចទេ។ហើយអ្វីដែលទស្សនិកជនចាប់អារម្មណ៍គឺ កាលពីម្សិលមិញបានរៀបចំបើកសម្ពោធហាងថ្មីលក់សម្លៀកបំពាក់បុរស និងហាងកាត់សក់នៅលើផ្លូវ២០០៤ ទល់មុខការ៉ាស់សាំងតូតាល់ម្ដុំអតីតជញ្ជីងថ្លឹងឡានទី២ របស់ខ្លួន ស្របពេលដែលការងារសិល្បៈរបស់នាងកំពុងតែវិវត្តន៍ ទៅមុខនិងមានយីអ៊ុនឡើង។
តារាស្រីរូបស្រស់ កញ្ញា រ៉ាឌី បានប្រាប់អ្នកសារព័ត៌មានក្នុងថ្ងៃនាងបើកសម្ពោធជំនួញថ្មីថា មួយរយៈនេះនាងមានភាពមមាញឹកខ្លាំង ជាមួយការងាររៀបចំហាងឲ្យមានលំនឹង ហើយបើងាកទៅការងារសិល្បៈវិញ ក៏រវល់ដែលគឺនៅពេលឆាប់ៗនេះ នាងបានរៀបចំចេញបទចម្រៀងថ្មីរបស់ខ្លួនដើម្បីដល់ទស្សនិកជន នៅស្នាដៃថ្មីៗរបស់នាង។
កញ្ញារ៉ាឌី បានប្រឡូកសិល្បៈជាងមួយឆ្នាំមកហើយ ហើយមកទល់ពេលនេះ នាងបានចេញបទចម្រៀងស្នាដៃថ្មី Original song បាន៤បទមកហើយ ដែលទទួលបានការគាំទ្រគួរឲ្យកត់សម្គាល់ នៅតាមបណ្ដាញសង្គមហ្វេសប៊ុកនិងយូធូប៕