(ពោធិ៍សាត់)៖ យ៉ាងហោចណាស់មានប្រជាពលរដ្ឋខ្មែរម្នាក់ ត្រូវបានទាហានឈុតខ្មៅថៃចាប់ឃាត់ខ្លួន ហើយ៦នាក់ទៀត រត់គេចខ្លួនដោយសុវត្ថិភាព ខណៈពួកគេលួចឆ្លងដែន ចូលកាប់ឈើក្រញ៉ូងខុសច្បាប់ ក្នុងទឹកដីថៃ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៖៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើទឹកដីថៃ ទល់មុខប៉ុស្តិ៍ភ្នំគុតឬស្សី ស្ថិតក្នុងភូមិសុផានហ៊ីម ឃុំឡែមកាត់ ស្រុកមឿង ខេត្តត្រាត ប្រទេសថៃ។
កម្លាំងសមត្ថកិច្ចនៃវរការពារព្រំដែនគោក ៨២៥ ទទួលទិសថ្មដា បានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលទាហានឈុតខ្មៅថៃ កងរយ៥៣៦ ចាប់ខ្លួននោះមានឈ្មោះ ស៊ឹម រ៉េន ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិបឹងប្រីយ៍ ស្រុកបាកាន ខេត្តពោធិ៍សាត់។ វត្ថុតាងដែលដកហូតបានរួមមាន ឈើក្រញ៉ូង៥ដុំ និងម៉ាស៊ីនត្រង់ស៊ីន័រអារឈើ ១គ្រឿង។
មានបុរស ៦នាក់ទៀត ដែលចូលរួមលួចឆ្លងដែន ចូលកាប់ឈើក្រញ៉ូងខុសច្បាប់ នៅលើទឹកដីថៃ ហើយត្រូវបានរត់ចែកជើងគ្នាដោយសុវត្ថិភាព។ យ៉ាងណាមិញខាងភាគីថៃ មិនទាន់បានបញ្ជាក់ ពីអត្តសញ្ញាណរបស់ពលរដ្ឋទាំង៦នាក់នោះនៅឡើយទេ។ ក្រោយពេលកើតហេតុខាងភាគីថៃ បានបញ្ជូនជនសង្ស័យទៅកាន់ស្នងការដ្ឋាននគរបាលខេត្តត្រាត ដើម្បីសួរនាំ ហើយបានជូនដំណឹងមកឲ្យកម្លាំងសមត្ថកិច្ចកម្ពុជាផងដែរ។
នៅព្រឹកស្អែកនេះ ខាងភាគីកម្ពុជា នឹងណាត់គ្នាជាមួយទំនាក់ទំនង ដែលកាន់ច្រកព្រំដែន៥៦ ឃុំថ្មដា ស្រុកវាលវែង ដើម្បីចុះទៅសួរនាំស្រាវជ្រាវ និងស្វែងរកបក្សពួក និងមេខ្យល់ ដែលផ្សំគំនិតចូលរួមលួចឆ្លងដែនចូលកាប់ឈើក្រញ៉ូងខុសច្បាប់ នៅលើទឹកដីថៃ ឲ្យបានលម្អិត៕