(ភ្នំពេញ)៖ ប៉ុន្មានថ្ងៃនេះមានក្រុមអ្នកតែងតាំង និងលើកតម្កើងខ្លួនឯងជាអ្នកសរសេរ អ្នកស្រែក អ្នកជំទាលព័ត៌មានឯករាជ្យមួយចំនួន ខ្លះសរសេររបាយការណ៏ ខ្លះទៀតលបៗសួរតែប្រពន្ធ កូន ឪពុកម្ដាយបងប្អូនខ្លួនឯង នៅតែក្នុងរបងផ្ទះសោះក៏តាំងប្រកូកប្រកាសថា ខ្លួនដើរស្ទង់មតិដោយសេរីដោយឯករាជ្យ ហើយក៏ចាប់ផ្ដើមចាត់ចំណាត់ថ្នាក់ថាព័ត៌មាននេះ ព័ត៌មាននោះ ផ្សាយព័ត៌មានឯករាជ្យ ផ្សាយដោយសេរី អង្គភាពព័ត៌មាននោះផ្សាយព័ត៌មានលំអៀងទៅរករដ្ឋាភិបាលខ្លាំង និងអង្គភាពខ្លះទៀតផ្សាយលំអៀងទៅរករដ្ឋាភិបាលតិចៗ។ល។
ឃើញគេនាំគ្នាតាំងខ្លួនជាអ្នកឯករាជ្យ ចេញរបាយការណ៍ស្រេចនឹងក្បាលវ៉ាល់ម្នាក់ឯង ធ្វើមិចឲ្យតែរបាយការណ៏នោះចោទអ្នកនេះគាំទ្ររដ្ឋាភិបាល ចោទអ្នកនោះជាអាយ៉ងបំពងសំលេង ជួយរដ្ឋាភិបាលផ្កាប់មុខ រួចហើយប្រកូកប្រកាសថា បានមកពីការស្ទង់មតិ បានមកពីការស៊ើបអង្កេត ដោយឯករាជ្យដើម្បីយោងលើរបាយការណ៏ និងយោងលើលទ្ធផលនៃការស្ទង់មតិនេះ យកទៅសុំលុយជំនួយពីបរទេស យកមកចែកគ្នាចាយដោយស្រួលនោះ ធ្វើឲ្យនាយខ្វែកយើងនឹកឃើញល្បិចរកលុយចាយស្រួលនឹងគេដែរ ក៏បែកគំនិតប្រកាសធ្វើការស្ទង់មតិ រកអង្គភាព ឬបណ្ដាញព័ត៌មានណាដែលផ្សព្វផ្សាយព័ត៌មានលំអៀងខ្លាំង ឬលំអៀងតិចដើម្បីធ្វើរបាយការណ៏ឡង់សេសុំលុយ ជំនួយបានចាយដូចគេដែរ។
ប៉ុន្តែដោយសាររបាយការណ៍ ដែលបានមកពីក្រូម៉េលំអៀង ឬទ្រេតទៅរករដ្ឋាភិបាល មានគេធ្វើរួចមួយពីរមកហើយ នាយខ្វែកក៏បែកគំនិតស្ទាបៗរកអង្គភាពព័ត៌មានណាដែល ផ្សព្វផ្សាយលំអៀងបាក់ទៅរកពួកប្រឆាំងវិញម្ដងកុំឲ្យវាដូចគេ។
នាយខ្វែក៖ ពូស៊ីក្លូ បច្ចុប្បន្ននេះ ពូមានដឹងទេថា តើអង្គភាពព័ត៌មានណាខ្លះដែលផ្សាយលំអៀងទៅរកពួកប្រឆាំងខ្លាំងជាងគេ?
អ្នកធាក់ស៊ីក្លូ៖ ក្មួយអើយ បើនិយាយអារឿងផ្សាយលំអៀង ទៅរកពួកប្រឆាំងខ្លាំងជាងគេ គ្មានអាណាផ្សាយឈ្នះអាស៊ីសេរីទេ! អាវីអូឌី ក៏មិនធម្មតាដែរ បើរឿងផ្សាយលំអៀងផ្កាប់មុខទៅ រកពួកប្រឆាំងវិញ ធ្វើមើលតែស្រុកខ្មែរទាំងមូលពោពេញ ទៅដោយធូលីធ្យូងហុយខ្មៅ ពេញទ្រុបទ្រុលមើលគ្នាលែងឃើញទៅហើយ។ បន្តបន្ទាប់មកទៀតមានអាវីអូអេ និងពួក អាប្រព័ន្ធផ្សព្វផ្សាយឡូកាល់មួយចំនួនទៀត ក៏ផ្សាយគាំទ្រពួកប្រឆាំងផ្កាប់មុខផងដែរ។
នាយខ្វែក៖ ខ្ញុំឆ្ងល់ថា បើបច្ចុប្បន្នមានពួកផ្សាយព័ត៌មានគាំទ្រពួកប្រឆាំងផ្កាប់មុខដែរ ហេតុអ្វីបានជាប៉ុន្មានថ្ងៃនេះ មានក្រុមអ្នកដែលតាំងខ្លួនឯងថា ឯករាជ្យនាំគ្នាធ្វើការស្ទង់មតិសរសេររបាយ ការណ៏ឃើញមានតែអ្នកផ្សាយគាំទ្ររដ្ឋាភិបាលខ្លាំង និងតិចអញ្ចឹង?
អ្នកធាក់ស៊ីក្លូ៖ ពូមិនដឹងដែរក្មួយ តែពូសង្ស័យតែអ្នកដើរស្ទង់មតិ ឬអ្នកដើរស្រាវជ្រាវនោះខ្វាក់ភ្នែក ឬក៏សរសេរចេញពីក្នុងមុងទេដឹង!
នាយខ្វែក៖ អត់ទោសលោកតា! ប៉ុន្មានថ្ងៃនេះ មានខាងក្រុមដែលតាំងខ្លួនជាក្រុមវិមានឯករាជ្យ...! អូហសូមទោស ក្រុមឯករាជ្យបានអះអាងថា តាមការដើរស្ទង់មតិរបស់ពួកគេ បានទទួលលទ្ធផលថា សេរីភាពបញ្ចេញមតិនៅស្រុកខ្មែរយើងឥឡូវធ្លាក់ចុះជាងពាក់កណ្ដាល តើក្នុងនាមលោកតា ជាអ្នកផឹកកាហ្វេជុំគ្នាប្រោគប្រាជ្ញរាល់ថ្ងៃ តើលោកតាយល់យ៉ាងណាដែរ?
លោកតា៖ អាណាគេថា សេរីភាពបញ្ចេញមតិគ្មាននោះក្មួយ តិចអាអ្នកនិយាយនឹងវាគរ ឬថ្លង់ទេដឹង! ក្មួយឯងមិនអង្គុយស្ដាប់ទៅ គ្រាន់តែតុតាអង្គុយនេះមានមនុស្សតែបួនប្រាំនាក់ទេ តែនិយាយចង់បែកពពុះមាត់រៀងៗខ្លួន រហូតអ្នកលក់លែងចង់ដាក់ទឹកតែឲ្យផឹកទៅហើយ ព្រោះតែប្រកែកគ្នាឡើងវ៉ែ ខ្លះនិយាយកាន់ជើងរដ្ឋាភិបាល ខ្លះនិយាយកាន់ជើងពួកប្រឆាំង ស្រេចនឹងចិត្តគ្មាន ឃើញអ្នកណាមកហាម ឬមានការភ័យខ្លាចអ្វីផង រហូតអ្នកខ្លះប្រើសំដីអសីលធម៌ជេររដ្ឋាភិបាល ឡូងៗទៀតផង។
នាយខ្វែក៖ ជំរាបសួរឯកឧត្តមម្ចាស់លុយជំនួយ ! នេះរបាយការណ៏ស្ទង់មតិរបស់ខ្ញុំ ខំដើរធ្វើអស់ជិតកន្លះឆ្នាំហើយសុំលុយច្រើនបន្តិចមក។
ម្ចាស់ជំនួយ៖ លោកឯងភ្លើទេអី! ធ្វើរបាយការណ៏អញ្ចឹងយកមកសុំលុយជំនួយពីខ្ញុំ! លុយជំនួយរបស់ខ្ញុំជួយសំរាប់តែអ្នកសរសេររបាយការណ៍បំភ្លើស បំផ្លោង បំភ្លៃ បំផ្លិចបំផ្លាញទៅលើ រដ្ឋាភិបាលរបស់លោកឯងតើ! ចេះតែសរសេររបាយការណ៍អញ្ចឹងមកសុំលុយទៅកើត មិនចេះមើលគំរូរបាយការណ៏របស់អ្នកឯករាក្យសរសេរទេអី បើមិនផ្កាប់គាំទ្រពួកប្រឆាំង ក៏គាំទ្ររហូតដល់ក្រឡាប់ដែរ។
នាយខ្វែក៖ សូមទោសឯកឧត្តមៗៗៗៗៗ... លើកក្រោយខ្ញុំនឹងខិតខំដុសខាត់លាងខួរក្បាលខ្ញុំឲ្យមើលឃើញ ស្រុកខ្ញុំខ្មៅងងឹតដូចឯកឧត្តម រួមទាំងធ្វើឲ្យដូចឆ្កែបំរើរបស់ឯកឧត្តម មួយដំបរស្វានោះផងដែរ។
ប្រពន្ធ៖ ឪវា!ឪវា! ថ្ងៃចាំងចូលតាមបង្អួចហើយ... ភ្ញាក់ឡើងងូតទឹកទៅធ្វើការ!
នាយខ្វែក៖ ហាក! យល់សប្ដិទេ! ស្មានតែការពិត ខំតែភ័យឡើងបែកញើសរឿងគេស្ដីឲ្យ៕