(ភ្នំពេញ)៖ លោក ប៊ុន ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន មន្ដ្រីយោធាពាក់ស័ក្ដិ៥ បម្រើការនៅអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន។ នេះបើតាមមន្ដ្រីតុលាការ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំតុលាការនៅល្ងាចថ្ងៃនេះ។
មន្ដ្រីតុលាការបានបញ្ជាក់ថា លោក ងិន ពេជ ជាតំណាងអយ្យការបានបើកការស៊ើបសួរ និងចោទប្រកាន់លើ ឈ្មោះ ប៉ែន សាយវ័ន្ត អាយុ៣៤ឆ្នាំ មុខរបរយោធា មានឋានន្តរស័ក្តិ វរសេនីយ៍ឯក (ស័ក្តិ៥) បម្រើការងារនៅអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស នៃក្រសួងការពារជាតិ ពីបទប្រើប្រាស់អាវុធខុសច្បាប់ និងបទ ហិង្សាដោយអចេតនា លើជនរងគ្រោះ មានឈ្មោះ ជុំ គា អាយុ៤៨ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ប្រព្រឹត្តកាលពីវេលាទាបភ្លឺថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចម្តុំមុខអតីតរោងកុនអង្គរ ខណ្ឌ៧មករា៕