(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានព្រមានរៀបចំគណៈរដ្ឋមន្រ្តី នៅក្នុងអាណត្តិទី៦ខាងមុខនេះ ដោយមិនផ្តល់ឱកាសដល់រដ្ឋមន្រ្តីណាមួយ ដែលមិនសកម្មនឹងការងារ និងមិនគិតពីផលប្រយោជន៍របស់ប្រជាជននៅមូលដ្ឋាន ព្រមទាំងស្នើឲ្យបង្កើតក្រុមតាមដានការងាររបស់រដ្ឋមន្រ្តីតាមបណ្តាក្រសួងនានាផងដែរ។
ការព្រមានខ្លាំងៗរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និសីទជាតិស្តីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មេរៀនបទពិសោធន៍ បញ្ហាប្រឈម និងចក្ខុវិស័យនៅអនាគត» នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យសម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បង្កើតគណៈកម្មការមួយសម្រាប់តាមដានការងាររបស់រដ្ឋមន្រ្តីតាមក្រសួងនានា និងព្រមានមិនតែងតាំងរដ្ឋមន្ត្រីអសកម្ម និងមិនគិតពីផលប្រយោជនប្រជាជន នៅក្នុងអាណត្តិទី៦ ខាងមុខនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ឥឡូវហ្នឹងខ្ញុំក៏ចង់ បើមិនទាន់មានទេ ស្នើឲ្យសម្តេចក្រឡាហោម និងបង្កើតគណៈកម្មការហៅថា បណ្ណប្រតិបត្តិតាមដាន។ តើក្រសួងណាគាត់ធ្វើបានប៉ុន្មានពិន្ទុ? ព្រោះបើមិនអញ្ចឹងទេអស់លោកគ្រាន់តែមកអង្គុយស្តាប់ រួចហើយទៅវិញដដែល។ ផ្ទេរក៏មិនព្រមផ្ទេរ ធ្វើអីក៏មិនព្រមធ្វើ លិខិតបទដ្ឋានគតិយុត្តក៏មិនព្រមធ្វើ អីក៏មិនព្រមធ្វើ អញ្ចឹងទេបើស្ទុយៗអ៊ីចឹង ក៏ជាលក្ខណ្ឌមួយក្នុងចំណោមដែលលក្ខខណ្ឌ! អាណត្តិទី៦ នឹងត្រូវរៀបចំគណៈរដ្ឋមន្ត្រីឡើងវិញ។ អញ្ចឹងទេបើរដ្ឋមន្រ្តីគាត់មិនព្រមធ្វើអាណត្តិទី៥ផង តើចាំបាច់ត្រូវតែងតាំងគាត់ឲ្យធ្វើរដ្ឋមន្រ្តីក្នុងអាណត្តិទី៦ទៀតទេ? អាហ្នឹងនិយាយឲ្យត្រង់ៗតែម្តង ចុះបើរដ្ឋមន្រ្តីគាត់មកគ្រាន់តែមកស្តាប់ហើយទៅវិញដដែល តើមានការចាំបាច់ដើម្បីតែងតាំងឲ្យ ធ្វើរដ្ឋមន្ត្រី នៅអាណត្តិទី៦ទៀតទេ? វានាំតែអាខូច អាហ្នឹងទៅវាមិនរួច ដូច្នេះយើងត្រូវមានតារាងតាមដានមើល»។
ជាមួយនោះដែរ សម្តេចតេជោបានលើកឧទារណ៍យ៉ាងដូច្នេះថា «ដូចដែលខ្ញុំធ្លាប់បង្អាប់បង ម៉ុក ម៉ារ៉េត ហើយការបង្អាប់បង ម៉ុក ម៉ារ៉េត មិនមែនជាការបង្អាប់លេងសើចទេ ជាការចង់ដាស់តឿន ចាំបានទេ នៅរាល់ពេលដែលប្រជុំ ដើម្បីរៀបចំអនុក្រឹតស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃស្ថាប័នមួយៗ ឬក៏បង្កើតគណៈកម្មការអី្វមួយ ក្រសួងបរិស្ថានកាលពីជំនាន់បង ម៉ុក ម៉ារ៉េត តែងតែសុំចូលខ្លួនទៅដេញគ្រប់ទាំងអស់។ រឿងពីរដែលបានកើតឡើង ហើយសុំអភ័យទោសបង ម៉ុក ម៉ារ៉េត ធ្វើការល្អហើយ ប៉ុន្តែកើតឡើងរឿងពីរ។ រឿងទី១ គឺគេកសាងសំណង់លើ ធ្វើផ្ទះមកលើទឹកឈូតែម្តង។ អញ្ចឹងទេពេលប្រជុំ ស្រាប់តែគាត់សួរសម្តេចថា អាហ្នឹងធ្វើម៉េច? ខ្ញុំថានែកបងឯងពេលដែលប្រជុំម្តងៗ បងឯងស្នើសុំសិទ្ធិអំណាច បានសេចក្តីថាសុំទារដាវ ដល់ទៅពេលកាប់បងឯងប្រគល់ឲ្យខ្ញុំទៅកាប់ អាហ្នឹងវាយ៉ាងម៉េច មានន័យថាថាម៉េច»?
នៅថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន បានស្តីបន្ទោសទៅអភិបាលខេត្តមួយ ដោយសារតែមិនហ៊ានអនុវត្តច្បាប់ ចំពោះក្រុមហ៊ុនដែលបានធ្វើសកម្មភាពរំលោភច្បាប់។ សម្តេចបានបញ្ជាក់ទៀតថា ធ្វើជាអាជ្ញាធរខេត្ត ត្រូវហ៊ានយកការទទួលខុសត្រូវ លើដែនដីរបស់ខ្លួន។ សម្តេចតេជោបានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ពង្រឹតតួនាទី និងការទទួលខុសត្រូវរបស់ខ្លួនឡើងវិញ៕