(បន្ទាយមានជ័យ)៖ ប្រធានកាំកុងត្រូលខេត្តបន្ទាយមានជ័យ លោក សាន វិជ្ជាសារ៉ាវុធ បានព្រមានថា លោកនឹងចាត់វិធានការទៅតាមច្បាប់ចំពោះអ្នកដែលរឹងរូសលក់ទំនិញហួសសុពលភាព ឬលាយសារធាតុគីមីនាំប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកប្រើប្រាស់។
ដើម្បីចួលរួមថែរក្សាសុខភាពប្រជាពលរដ្ឋលោក សាន វិជ្ជាសារ៉ាវុធ តែងបានដឹកនាំមន្ត្រីរបស់លោកចុះត្រួតពិនិត្យទប់ស្កាត់ទំនិញទាំងនៅតាមច្រកព្រំដែន និងទំនិញដាក់តាំងលក់ក្នុងផ្ទះ និងតាមទីផ្សារ។ បើទោះបីសកម្មភាពទប់ស្កាត់ និងចុះត្រួតពិនិត្យមានសកម្មភាពសកម្មយ៉ាងណាក្តី តែទំនិញដែលហួសសុពលភាពប្រើប្រាស់នៅតែបានរកឃើញនៅតាមផ្ទះ និងតាមទីផ្សារ។
ដើម្បីលើកកម្ពស់ និងការពារសុខភាពរបស់ប្រជាពលរដ្ឋ លោកប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានព្រមានថា លោកចាត់ការទៅតាមច្បាប់ចំពោះអ្នកលក់ទាំងឡាយ ដែលបន្តរឹងរូសលក់ទំនិញហួសសុពលភាព និងទំនិញលាយសារធាតុគីមី។
បើតាមលោក សាន វិជ្ជាសារ៉ាវុធ ច្បាប់កាំកុងត្រូលបានចែងថា ជនដែលលក់ទំនិញហួសសុពលភាព និងលាយសារធាតុគីមីនាំឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ គឺត្រូវប្រឈមការជាប់ពន្ធនាគារពី ១ខែ ទៅ១ឆ្នាំ និងពិន័យប្រាក់ពី ១លានរៀល ដល់១០លានរៀល៕