(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាស់តឿនដល់អភិបាលរាជធានី-ខេត្ត និងក្រុង-ស្រុក-ខណ្ឌ ដាច់ខាតមិនត្រូវកេងប្រវ័ញ្ចយកថវិកា គម្រោងអភិវឌ្ឍន៍នានាទៅទិញរថយន្ត ឬសម្ភារប្រើប្រាស់ផ្ទាល់ខ្លួននោះឡើយ ពោលគឺត្រូវអនុវត្តថវិកាដែលថ្នាក់ជាតិផ្ដល់ជូនឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។
ការប្រកាសហាមដាច់របស់សម្តេចតេជោ ហ៊ុន សែន ដូច្នេះ, ធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និសីទជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មេរៀនបទពិសោធន៍ បញ្ហាប្រឈម និងចក្ខុវិស័យនៅពេលអនាគត នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅសាលសន្និសិទកោះពេជ្រ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ថវិការាប់រយលានដុល្លារ ត្រូវបានផ្ទេរពីក្រសួងស្ថាប័ននានាទៅឲ្យមន្ទីរអង្គភាពខ្សែបណ្ដោយរបស់ខ្លួន នៅតាមរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ដើម្បីអនុវត្តមុខងារក្នុងវិស័យនីមួយៗនៅតាមមូលដ្ឋាន។ ក្រៅពីនេះយន្តការមួយចំនួនទៀតក៏ត្រូវបានបង្កើតឡើង ដើម្បីផ្តល់នូវមូលនិធិសម្រាប់គម្រោងវិនិយោគចាំបាច់មួយចំនួន របស់រដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ។
ប្រមុខដឹកនាំរាជរដ្ឋាភិបាលមានប្រសាសន៍បន្តថា នៅឆ្នាំ២០១៨នេះបានបញ្ជូនថវិកាពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ថ្នាក់ជាតិ) ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិទាំង៣កម្រិត ប្រមាណជាង៤៣០លានដុល្លារ ដើម្បីចាត់ចែងប្រើប្រាស់ដោយឆន្ទានុសិទ្ធិ សម្រាប់ការចំណាយទៅលើការងាររដ្ឋបាលទូទៅ និងការអនុវត្តគម្រោងអភិវឌ្ឍមូលដ្ឋាន ប៉ុន្តែប្រមុខរាជរដ្ឋាភិបាលបានហាមប្រាមយ៉ាងដាច់ខាត ចំពោះការកេងប្រវ័ញ្ចថវិកាគម្រោងយកទៅប្រើប្រាស់ផ្ទាល់ខ្លួន។
សម្ដេចថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមឲ្យប្រយ័ត្នណា ពាក្យដែលថាថវិកាប្រមាណជាង ៤៣០លានដុល្លារ ត្រូវបានផ្ទេរទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិទាំង៣ថ្នាក់ ដើម្បីចាត់ចែងប្រើប្រាស់ដោយ ឆន្ទានុសិទ្ធិ ប្រយ័ត្នពាក្យឆន្ទានុសិទ្ធិ។ ឆន្ទានុសិទ្ធិ អត់ផ្ទេរយកទៅជិះឡានសិន ព្រោះចៅហ្វាយខេត្ត ឬចៅហ្វាយស្រុកខ្វះឡានជិះ អត់ទេណា!។ គម្រោងមាននៅក្នុងការលើកឡើងគម្រោង អត់មានថា ត្រូវធ្វើអានោះមុន អានេះក្រោយ គឺអត់ទេ! យើងទៅធ្វើទេ ប៉ុន្តែធ្វើម៉េចចាយឲ្យបានត្រឹមត្រូវ ចាយឲ្យមានប្រសិទ្ធភាព។ រឿងធំជាងគេ គឺនិយាយាអំពីប្រសិទ្ធភាព យើងប្រឹងណាស់»។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបន្ថែមថា កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ បានផ្ដល់ផលឲ្យរាជរដ្ឋាភិបាលមានអតិរេតថវិកាចរន្ត ដែលផ្ដល់លទ្ធភាពឲ្យរាជរដ្ឋាភិបាលដំឡើងបៀវត្ស ជូនមន្ត្រីរាជការ និងដើម្បីបញ្ជូនប្រាក់ទៅឲ្យមូលដ្ឋានសម្រាប់ដំណើរការគម្រោងនានា។ ជាមួយគ្នានោះ សម្ដេចបានចូលរួមអបអរសាទរ និងបង្ហាញមោទនភាពជាមួយកំណែទម្រង់ ហិរញ្ញវត្ថុសាធារណៈ ដែលជានិច្ចកាលបង្កឲ្យមានអតិរេកថវិកាចរន្ត សម្រាប់ការប្រើប្រាស់ក្នុងឆ្នាំបន្តទៅមុខ សម្រាប់ការដំឡើរបៀវត្ស និងវិនិយោគទៅមូលដ្ឋាន៕